ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូនេស៊ី បង្កើនកិច្ចប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ក្រាបបទល្មើស ជួញដូរមនុស្ស ដោយប្រើបច្ចេកវិទ្យាទំនើប

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៣ មករា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកបណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានឯកភាពគ្នា ក្នុងការបង្កើនកិច្ច សហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ដែលឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ជួញដូរមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

គោលបំណងសំខាន់នៃជំនួបរវាងភាគីទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី គឺដើម្បីធ្វើបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា ជាមួយនឹងកងកម្លាំងអនុវត្តច្បាប់ ឥណ្ឌូនេស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ និងកិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋឥណ្ឌូនេស៊ី ដែលបានមកបំពេញបេសកកម្មការទូត និងប្រកបអាជីវកម្ម ទេសចរណ៍ ក៏ដូចជាបម្រើការងារនៅក្នុងប្រទេសកម្ពុជា ។

បន្ថែមលើការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នាពេលកន្លងមក ភាគីឥណ្ឌូនេស៊ី ក៏បានស្នើនគរបាលជាតិកម្ពុជា បន្តកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំជិតស្និទបន្ថែមទៀត។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ជូន លោកបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី អំពីការងារថែរក្សា សន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋឥណ្ឌូនេស៊ី ក៏ដូចជាពលរដ្ឋគ្រប់ជាតិសាសន៍ ដែលមកបំពេញ ភារកិច្ចនៅប្រទេសកម្ពុជា គឺជាការងារអាទិភាព របស់នគរបាលជាតិកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តែងតែផ្តល់ជូនគ្រប់ជនបរទេស ជាពិសេសបណ្តាស្ថានទូត ដែលមានស្ថានតំណាង នៅក្នុងប្រទេសកម្ពុជា ដែលកិច្ចការនេះនគរបាលជាតិកម្ពុជា រីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីឥណ្ឌូនេស៊ីផងដែរ។

ក្នុងជំនួបពិភាក្សាការងារភាគីទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ដែលឈានទៅដល់ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយក្នុងនោះភាគីឥណ្ឌូនេស៊ី បានឯកភាព និងទទួលស្គាល់នូវសភាពការណ៍សន្តិសុខនៅកម្ពុជា និងសន្យាជំរុញឱ្យអង្គភាពពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឱ្យជ្រួតជ្រាប អំពីការពិតនៅក្នុងប្រទេសកម្ពុជា និងទប់ស្កាត់រាល់ការផ្សព្វផ្សាយបំប៉ោងសភាពការណ៍ ខុសពីការពិត។

បន្ថែមពីនេះភាគីទាំងពីរ បានឯកភាពគ្នាដើម្បីពិនិត្យលទ្ធភាព ធ្វើបច្ចុប្បន្នភាពអនុស្សារណនៃការយោគយល់គ្នា (MOU) ដែលអគ្គស្នងការដ្ឋាន នគរបាលជាតិ និងនគរបាលជាតិឥណ្ឌូនេស៊ី បានចុះហត្ថលេខារួមគ្នាកន្លងមកទៅលើខ្លឹមសារ ឬយន្តការទំនាក់ទំនង ដើម្បីឱ្យសមស្របទៅនឹងស្ថានភាព សន្តិសុខ និងសណ្តាប់ធ្នាប់ជាក់ស្តែង ក្នុងពេលបច្ចុប្បន្នរបស់ប្រទេសទាំងពីរ៕

To Top