ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងដល់និយោជក កម្មករនិយោជិត អ្នកផ្តល់ការអប់រំបណ្ដុះបណ្តាល អ្នកស្វែងរកការងារ ទាំងក្នុងប្រទេស និងក្រៅប្រទេស សិស្ស និស្សិត និងសាធារណជន ជ្រាបថា ដោយទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្រសួងបានប្រកាស ដាក់ឱ្យដំណើរការ “បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” តាមប្រព័ន្ធ ព័ត៌មានបច្ចេកវិទ្យា របស់ខ្លួនចំនួន១៥សេវា ជាពិសេស សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker), សេវាចុះឈ្មោះ ស្វែងរកបុគ្គលិក (Job Provider), សេវាចុះឈ្មោះ ស្វែង រកការងារក្រៅប្រទេស (Overseas Job Seeker), សេវាចុះឈ្មោះ សិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment), សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration), សេវាផ្តល់បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (Cambodian Employment Book_and Worker Card), សេវាតាមដានវឌ្ឍនភាពនៃសំណើនីមួយៗរបស់ក្រសួង (MLVT Public Service Tracking) និងប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box) ដែលបើកឱ្យប្តឹងបុគ្គលណាមួយ ដោយមិនចាំបាច់ បញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ។
ជាមួយនឹងបញ្ហារ សេវាសាធារណៈចល័តនេះ ពិភពការងារ និងការបណ្តុះបណ្តាល ព្រមទាំងសេវាសាធារណៈ ផ្សេងៗ របស់ក្រសួងស្ថិតនៅក្នុងដៃ របស់សាធារណជន ។ ក្នុងន័យនេះ សាធារណជន ជាពិសេស យុវជនដែលមាន បំណងស្វែងរកការងារធ្វើទាំងក្នុងប្រទេស និងក្រៅប្រទេស អាចប្រើប្រាស់សេវានេះ ឱ្យបានទូលំទូលាយតាមរយៈ បញ្ជរសេវាសាធារណៈចល័តនៅតាមផ្សារទំនើប ហាងកាហ្វេ ឬតាមរយៈ QR Code ខាងក្រោម។
បន្ថែមពីនេះ ក្រសួងសូមថ្លែងអំណរគុណ ចំពោះម្ចាស់ហាងកាហ្វេ ម្ចាស់ផ្សារទំនើប ធនាគារ ក្រុមហ៊ុនឯកជន សមាគមនិយោជក និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ការគាំទ្រ ក្នុងការផលិតបញ្ជររសេវាសាធារណៈចល័តនេះ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមនិយោជក កម្មករនិយោជិត អ្នកផ្តល់ការអប់រំបណ្ដុះបណ្តាល អ្នកស្វែងរកការងារទាំងក្នុងប្រទេស និងក្រៅប្រទេស សិស្ស និស្សិត និងសាធារណជន ជ្រាបជាព័ត៌មាន ៕