កំពង់ធំ: ស្របតាមសម័យកាលប្រទេសជាតិ មានភាពរីកចម្រើន កំណើនសម្ភារៈមធ្យោបាយ របស់បងប្អូនប្រជាពលរដ្ឋ កើនឡើងឥតឈប់ឈរ ខេត្តកំពង់ធំ ជាខេត្តមួយ ដែលស្ថិតនៅចំនុចកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយទៀត ជាសរសៃឈាម គមនាគមន៍ និងសេដ្ឋកិច្ចជាតិ ចរន្ត អ្នកប្រើប្រាស់ផ្លូវមានភាពមមាញឹក ពីមួយថ្ងៃ ទៅមួយថ្ងៃ គួរឱ្យកត់សម្គាល់ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យក្នុងភូមិសាស្រ្តខេត្ត តាមដងផ្លូវជាតិលេខ៦ ដែលជាចំណុចប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីក្រុង ស្ទឹងសែន រហូតដល់ស្រុកស្ទោង ព្រំប្រទល់ខេត្ត សៀមរាប នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យ ដោះស្រាយបញ្ហាប្រឈមនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានណែនាំដល់ការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវសហការ ជាមួយជំនាញពាក់ព័ន្ធត្រូវដាក់ផ្លាកសញ្ញាចរាចរណ៍ ពិសេសសាជីតាមគោលដៅនីមួយៗ ដើម្បីពញ្ញាក់ស្មារតី បង្កើនការចាប់អារម្មណ៍ របស់អ្នកបើកបរ ឱ្យមានការប្រុងប្រយ័ត្ន ចៀសសផុតពីហានិភ័យ ដែលកើតឡើង ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ។
សូមរំលឹកដែរថា រយៈពេលកន្លងទៅថ្មីៗនេះ លោកស្នងការនគរបាលខេត្តបានផ្ដល់គោលការ៣ចំណុចគឺ÷ ១-បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញខ្លី ដល់កងកម្លាំង ជាពិសេស ក្បួន និងនីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក ។ ២-ណែនាំ ដល់កងកម្លាំងត្រូវពង្រឹង ការអនុវត្តច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ និងលើកកម្ពស់ ការយល់ដឹង ព្រមចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ។៣-បញ្ចូញមន្ត្រីជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ តាមទីប្រជុំជន សាលារៀននានាជាដើម ៕
ដោយសំនៀង