ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា កាសែតកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាឃោសនិក និងជាអ្នកនាំសារជូនដល់ប្រជាពលរដ្ឋ និងជាឧបករណ៍គ្រប់គ្រងការងារសតិអារម្មណ៍ របស់រដ្ឋយ៉ាងសំខាន់ នៅទសវត្សរ៍ឆ្នាំ ១៩៨០ និងតរៀងមក។
លោករដ្ឋមន្ត្រី បានរំលឹកឱ្យដឹងថា កាសែតនេះ បានអាក់ខានក្នុងការបោះពុម្ពផ្សាយមួយរយៈ ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ខ្ញុំបានដាក់ឱ្យដំណើរការផ្សព្វផ្សាយ ជាទម្រង់អេឡិចត្រូនិក ដែលមានទាំងភាសាខ្មែរ និងអង់គ្លេស។ នៅថ្ងៃនេះ ក្នុងគម្រប់ខួបលើកទី៤៦ ឆ្នាំ កាសែតកម្ពុជា នឹងត្រូវបោះពុម្ពផ្សព្វផ្សាយឡើងវិញ នឹងចែកចាយជូនក្រសួងស្ថាប័ននានា ជាប្រចាំថ្ងៃ និងជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ការអាន។
ក្នុងនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសរំលេចថា ទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបរីកចម្រើនខ្លាំង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណី នៅតែដើរតួនាទីសំខាន់ដដែលក្នុងការផ្តល់ព័ត៌មានពិត និងជាប្រភពដ៏សំខាន់សម្រាប់ផ្ទៀងផ្ទាត់ព័ត៌មាន ក្នុងបរិបទឌីជីថល។
ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានបង្កើតកាសែតកម្ពុជាឡើង និងគោរពអរគុណលោក ខៀវ កាញ៉ារីទ្ធ អតីតអគ្គនិពន្ធនាយក នៃកាសែតកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាទាំងអស់ ដែលបានបន្សល់ទុកនូវកេរដំណែល ដ៏មានតម្លៃនិងមានតួនាទីជាប្រវត្តិសាស្ត្រនេះ សម្រាប់ជាតិនិងប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំនិងមន្ត្រីមួយចំនួន នៅតែបន្តបំពេញកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ និងបានកំពុងខិតខំបំពេញកិច្ចការងារ យ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយសេចក្តីស្រឡាញ់។
បន្ថែមលើកនេះ លោក នេត្រ ភក្ត្រា បញ្ជក់ថា “កាសែតកម្ពុជា នឹងត្រៀមខ្លួនបម្រើមិត្តអ្នកអានរបស់ខ្លួន ទាំងទម្រង់បោះពុម្ពជាក្រដាស និងទម្រង់អេឡិចត្រូនិក! រក្សាចាស់បង្កើនថ្មី”!
លោក នេត្រ ភក្ត្រា បានលើកឡើងថា “អំឡុងពេលនៃពិធីពិសាអាហារសាមគ្គីមហាគ្រួសារនៃក្រសួងព័ត៌មាន ខ្ញុំរួមនឹងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាបានផ្លុំទៀនអបអរសាទរ ទិវាខួបកំណើតនៃការសែតកម្ពុជាគម្រប់ខួប ៤៦ ឆ្នាំ”។ អរគុណសន្តិភាព!
បងប្អូនអាចអានកាសែតកម្ពុជាតាមទម្រង់អេឡិចត្រនិក តាមរយៈ តំណរខាងក្រោម
https://akp.gov.kh/kh/post/category/33