ព័ត៌មានអន្តរជាតិ

ស្រីលង្កា ចាប់ឃាត់ខ្លួន អ្នកនេសាទឥណ្ឌា ខុសច្បាប់ លើសពី៥០នាក់

AFP

កូឡុំបូ៖ កងទ័ពជើងទឹក របស់ប្រទេសស្រីលង្កា បានចាប់ខ្លួនអ្នកនេសាទ ឥណ្ឌាលើសពី៥០នាក់នៅក្នុងឆ្នាំនេះ ពីបទនេសាទខុសច្បាប់ នៅក្នុងដែនទឹករបស់ស្រីលង្កា ។

កងទ័ពជើងទឹកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថា ការរឹបអូស នាពេលថ្មីៗនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ នៅគ្រាដែលកងទ័ពជើងទឹក បានរឹបអូសទូកនេសាទឥណ្ឌាចំនួន៣គ្រឿង និងចាប់ខ្លួនអ្នកនេសាទឥណ្ឌា ចំនួន៣៣នាក់ ខណៈពួកគេកំពុងធ្វើនេសាទនៅក្នុងដែនទឹក របស់ប្រទេសស្រីលង្កា ។

កងទ័ពជើងទឹកបានបញ្ជាក់ថា ទូក និងអ្នកនេសាទត្រូវបានរឹបអូសចេញ ពីសមុទ្រភាគខាងជើងនៃ Talaimannar ស្ថិតនៅភាគខាងជើង នៃប្រទេសស្រីលង្កា ។

កងទ័ពជើងទឹកបានបញ្ជាក់យ៉ាងដូច្នេះថា ទូកដែលរឹបអូសបាន និងអ្នកនេសាទ ត្រូវបាននាំយកទៅកាន់កោះ Iranativu ហើយត្រូវបានប្រគល់ទៅឱ្យអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។

កងទ័ពជើងទឹកបានឲ្យដឹងថា ពួកគេធ្វើការល្បាត និងប្រតិបត្តិការជាប្រចាំ នៅក្នុងដែនទឹកស្រីលង្កា ដើម្បីទប់ស្កាត់ការនេសាទ ខុសច្បាប់ របស់ទូកនេសាទបរទេស ដោយគិតគូរពីផលប៉ះពាល់ នៃការអនុវត្តទាំងនោះ ទៅលើជីវភាព រស់នៅរបស់អ្នកនេសាទ នៅក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top