ព្យុងយ៉ាង៖ កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានបាញ់សាកល្បង មីស៊ីលនាំផ្លូវ យុទ្ធសាស្ត្រកាលពីថ្ងៃមុន ដោយមេដឹកនាំលោក គីម ជុងអ៊ុន ជាអ្នកមើលការខុសត្រូវលើការសាកល្បងមីស៊ីលលើកដំបូង របស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីការឡើងកាន់តំណែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េបានឲ្យដឹងថា ការពិនិត្យអាវុធដឹកនាំ នាវាពីសមុទ្រទៅដីមានគោលបំណង “បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងយុទ្ធសាស្ត្រ ប្រឆាំងនឹងសត្រូវ ដែលមានសក្តានុពល ស្របតាមស្ថានភាពសុវត្ថិភាពក្នុងតំបន់ដែលផ្លាស់ប្តូរ” ។
ក្រសួងការបរទេស របស់ប្រទេសនេះ ក៏បានរិះគន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជុំវិញសមយុទ្ធយោធារួមគ្នា នាពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើង ដោយ KCNA កាលពីថ្ងៃអាទិត្យ ដោយបានព្រមានថា វិធានការបែបនេះ នឹងត្រូវបានឆ្លើយតបជាមួយនឹង “ការប្រឆាំងដ៏តឹងតែងបំផុត” ដរាបណាទីក្រុងវ៉ាស៊ីនតោន បដិសេធមិនទទួលស្គាល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់កូរ៉េខាងជើង។
ក្រសួងបានបន្ថែមថា នេះគឺជា “ជម្រើសដ៏ល្អបំផុត” សម្រាប់ដោះស្រាយ ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។
លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសមួយដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយលោក គីម ឡើងវិញ ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការធ្វើឱ្យមានទំនាក់ទំនងការទូតឡើងវិញជាមួយកូរ៉េខាងជើង។
គួរបញ្ជាក់ថា មេដឹកនាំបានជួបគ្នា ៣ដងក្នុងអំឡុង ពេលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីដំបូង ប៉ុន្តែការចរចានុយក្លេអ៊ែរ របស់ពួកគេនៅទីបំផុត បានដួលរលំនៅឆ្នាំ២០១៩។
កាលពីថ្ងៃសៅរ៍ មីស៊ីលនាំផ្លូវ យុទ្ធសាស្ត្របានវាយប្រហារគោលដៅ របស់ពួកគេយ៉ាងជាក់លាក់ បន្ទាប់ពីធ្វើដំណើរលើរាងពងក្រពើប្រវែង ១៥០០ គីឡូម៉ែត្រ ហើយការបាញ់សាកល្បងនេះ មិនបានប៉ះពាល់ដល់សន្តិសុខ ប្រទេសជិតខាងឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
