ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បញ្ជាឱ្យផ្អាកការចេញទិដ្ឋាការ លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី

AFP

វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី២៦ ខែមករា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាឱ្យផ្អាកការចេញទិដ្ឋាការ លើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងសមាជិកគ្រួសាររបស់ពួកគេ បន្ទាប់ពីការបដិសេធរបស់ប្រទេសកូឡុំប៊ី មិនអនុញ្ញាតឱ្យមានជើងហោះហើរនិរទេស ដែលដឹកជនអន្តោប្រវេសន៍។

ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ឥឡូវនេះលោក Rubio កំពុងអនុញ្ញាតឱ្យដាក់ទណ្ឌកម្មការធ្វើដំណើរលើបុគ្គល និងក្រុមគ្រួសាររបស់ពួកគេ ដែលទទួលខុសត្រូវ ចំពោះការជ្រៀតជ្រែកនៃប្រតិបត្តិការហោះហើរ ធ្វើមាតុភូមិនិវត្តន៍របស់សហរដ្ឋអាមេរិក” ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា វិធានការនេះនឹងបន្តរហូតដល់ប្រទេសកូឡុំប៊ី បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការទទួលយក ការវិលត្រឡប់របស់ពលរដ្ឋរបស់ខ្លួនវិញ។

សហរដ្ឋអាមេរិក នឹងដាក់ពន្ធ ២៥ភាគរយដែលនឹងកើនឡើងដល់ ៥០ភាគរយ ក្នុងមួយសប្តាហ៍លើទំនិញទាំងអស់ ដែលចូលមកសហរដ្ឋអាមេរិកពីប្រទេសកូឡុំប៊ី ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Truth Social កាលពីថ្ងៃអាទិត្យ។

លោក ត្រាំ ក៏​បាន​ប្រកាស​បង្កើន​ការ​ត្រួតពិនិត្យ​ គយ​លើ​អ្នក​ធ្វើ​ដំណើរ និង​ទំនិញ​ពី​ប្រទេស​កូឡុំប៊ី​ ដោយ​ផ្អែក​លើ​មូលដ្ឋាន​សន្តិសុខ​ជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាការឆ្លើយតប ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការបិទផ្លូវរបស់អ្នកមិនបានបំភ័យខ្ញុំនោះទេ” ហើយថាប្រទេសកូឡុំប៊ី នឹងឆ្លើយតបដោយការដំឡើងពន្ធ លើទំនិញរបស់សហរដ្ឋអាមេរិកវិញ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top