ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា កម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពល ក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រគ្មានដីពិតប្រាកដ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន។
តាមរយៈសេចក្តីថ្លែងការណ៍ពិសេស ស្តីពី កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅកង្វះដីធ្លីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងការបំផ្លាញធនធានធម្មជាតិ ក៏ដោយចោទជាបញ្ហាដែលរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្នុងន័យនេះ ការដាក់ចេញនូវការដាក់ចេញកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ចីរភាព មិនត្រឹមតែបង្កើតសហថាមពលនៅក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារ និងអភិរក្សព្រៃឈើ»។
សម្តេចបវរធិបតី បន្ថែមទៀតថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ៕