ព័ត៌មានជាតិ

លោកបណ្ឌិត ថោង ខុន អញ្ជើញបើកការដ្ឋាន សាងសង់ផ្លូវ DBST ប្រវែង១,៧៦០ម៉ែត្រ និងសាងសង់លូមូល៤កន្លែង ស្ថិតនៅក្នុងរមណីដ្ឋាន ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ!

កំពង់ធំ: លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកការដ្ឋានសាសង់ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង១,៧៦០ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ  ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ។

ពិធីបើកការដ្ឋាននេះ បានរៀបចំឡើង នៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹក នាំក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំខេត្ត, មន្រ្តីរាជការ, អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សិស្សានុសិស្សសរុបចំនួន៨៨០នាក់។ 

លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វេីរបាយការណ៍ជូនអង្គពិធីឱ្យបានជ្រាបថា ផ្លូវក្រាលល្បាយក្រួសក្រហមមួយខ្សែប្រវែង ១,៧៦០ម៉ែត្រ ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានបើកការដ្ឋានលើកកម្រិតជាផ្លូវក្រាលកៅស៊ូពីរជាន់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា បង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយចំណេញបានទាំងពេលវេលា និងថវិកា ។ 

លោក ឆាយ ឫទ្ធិសែន  បានថ្លែងថាពិធីបើកការដ្ឋាន ដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស បានមានប្រសាសន៍ថា ដើម្បីជួយលើកម្ពស់ការផ្ដល់សេវាទេសចរណ៍ តាមរយៈការបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ចូលទៅទស្សនាកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយរបស់កម្ពុជា ក្នុងចំណោមតំបន់បេតិកភណ្ឌពិភពលោកជាច្រើនទៀត។ ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរជាតិ ប្រាសាទសំបូរព្រៃគុក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអភិវឌ្ឍន៍ជនបទ បានបើកការដ្ឋាន លើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយ ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង១,៧៦០ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ មានចិញ្ចើមផ្លូវក្រាល ក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូលចំនួន៤កន្លែង និងមានរយៈពេលសាងសង់ចំនួន៦ខែ ដែលស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ ៕ ដោយសំនៀង

To Top