ព័ត៌មានអន្តរជាតិ

អ៊ីរ៉ាក់ ជំរុញ ឲ្យមានកិច្ចខិតខំប្រឹង ប្រែងបង្រួបបង្រួម ដើម្បីគាំទ្រ ដល់ស្ថិរភាពក្នុងតំបន់

xinhua

បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានអំពាវនាវកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចខិតខំប្រឹងប្រែង បង្រួបបង្រួមក្នុងចំណោមប្រទេស ក្នុងតំបន់ ដើម្បីគាំទ្រដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។

លោក Al-Sudani បាន​ធ្វើ​ការ​កត់សម្គាល់​នេះ ​ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ ការ​បរទេស​តួកគី លោក Hakan Fidan ដែល​កំពុង​ធ្វើ​ទស្សនកិច្ច។  យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani អ្នកទាំងពីរបានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់ នៅក្នុងប្រទេសស៊ីរី ហ្គាហ្សា និងលីបង់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀងបទឈប់បាញ់។

លោក Al-Sudani បានរំលឹកឡើងវិញថា “ការត្រៀមខ្លួនរបស់អ៊ីរ៉ាក់ ក្នុងការសម្រប សម្រួលជាមួយប្រទេសជិតខាង ជាពិសេសតួកគី ទាក់ទងនឹងការអភិវឌ្ឍន៍ ក្នុងតំបន់ដែលកំពុងបន្ត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សម្រាប់ផ្នែករបស់លោកវិញ លោក Fidan បានបញ្ជាក់ជាថ្មី នូវបំណងប្រាថ្នារបស់ប្រទេស របស់លោកក្នុងការរក្សាការ សម្របសម្រួលយ៉ាងជិត ស្និទ្ធជាមួយប្រទេស អ៊ីរ៉ាក់ លើការអភិវឌ្ឍន៍ក្នុងតំបន់ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់តួកគីចំពោះគម្រោង និងកិច្ចសហប្រតិបត្តិការ ផ្លូវយុទ្ធសាស្ត្រដោយផ្អែកលើអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ក្នុងវិស័យដូចជាថាមពល ការអប់រំ ពាណិជ្ជកម្ម ធនាគារ និងវិស័យផ្សេងៗទៀត។

លោក Fidan ក៏បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ាក់លោក Abdul Latif Rashid ក្នុងអំឡុងពេលនោះអ្នកទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍន៍ក្នុងតំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការកាត់បន្ថយភាពតានតឹង ការបន្ថយជម្លោះ និងការជំរុញការសន្ទនា ដើម្បីដោះស្រាយជម្លោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ាក់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top