ព័ត៌មានជាតិ

ធនាគារជាតិ និងអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួម បង្ហាញពីបច្ចុប្បន្នភាព នៃដំណើរការ ពិគ្រោះយោបល់ជាមួយ ពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពី បច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

យោងតាមសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា ធនាគារជាតិ នៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការរៀបចំសម្របសម្រួល កិច្ចសន្ទនាកម្រិតខ្ពស់ រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្ដីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការពិគ្រោះយោបល់ ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

ដើម្បីឆ្លើយតបនឹងការ ព្រួយបារម្ភ ចំពោះកំណើនយ៉ាងឆាប់រហ័សនៃ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាពប្រទាក់ក្រឡាគ្នា ជាមួយបញ្ហាប្រឈម ផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម។ការផ្ដួចផ្ដើមឱ្យមានដំណើរ ការពិគ្រោះយោបល់បានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងសម្របសម្រួលឱ្យ មានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនាបង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទ្រ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹង វិស័យធនាគារនិងហិរញ្ញវត្ថុ ។

កិច្ចសន្ទនាតាមក្រុមនីមួយៗ និងកិច្ចប្រជុំបច្ចេកទេសជាមួយពហុភាគីពាក់ព័ន្ធ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយមានការចូលរួមពិគ្រោះយោបល់ពីតំណាងក្រុម និងស្ថាប័នចំនួន ជាង ១០០ ផ្សេងគ្នា រួមមាន៖ តំណាងមកពីរាជរដ្ឋាភិបាល និយ័តករ ស្ថាប័ននិងសមាគមវិជ្ជាជីវៈធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ព្រមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

វឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាពនឹងត្រូវបានបន្តការពិនិត្យ និងតាមដាន ហើយកិច្ចសន្ទនា កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធបន្ទាប់ គ្រោងនឹងរៀបចំឡើងក្នុងខែសីហា ឆ្នាំ២០២៥។ តំណាងភាគី ពាក់ព័ន្ធដែលបានចូលរួមក្នុងកិច្ចសន្ទនា បានបន្តការប្តេជ្ញាចិត្ត ក្នុងការបង្កើនភាពត្រឹមត្រូវ និងតម្លាភាព នៅក្នុងប្រព័ន្ធអេកូឡូស៊ី ធនាគារនិងហិរញ្ញវត្ថុ តាមរយៈការលើកកម្ពស់ការអនុវត្តប្រកបដោយការ-ទទួលខុសត្រូវ និងបរិយាបន្ន ដែលនឹងផ្តល់សិទ្ធិបន្ថែម ជូនប្រជាជនកម្ពុជា ជាពិសេស ក្រុមងាយរងគ្រោះ ស្របពេលជាមួយគ្នាដែលកម្ពុជា កំពុងអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកដល់ ស្ថិរភាពសេដ្ឋកិច្ច ។

តំណាងភាគីពាក់ព័ន្ធបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចគោលដៅខាងលើ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ៕

To Top