បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គណៈប្រតិភូនៃក្រុមហាម៉ាស់ បានមកដល់ទីក្រុងគែរ កាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាអំពីការអភិវឌ្ឍ កិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយនឹងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។
ប្រភពអនាមិក ដែលបានផ្តល់បទសំភាស ជាមួយនឹងក្រុមការងារ នៃទីភ្នាក់ងារស៊ិនហួបាននិយាយថា ការចរចានឹងផ្តោតលើក្រុមអ្នកទោសប៉ាឡេស្ទីនថ្មី ដែលនឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលបីនាក់ ។
ប្រភពដដែលបានបន្ថែមទៀតថា ការដោះលែងចំណាប់ខ្មាំង ស្ត្រីជនជាតិ អ៊ីស្រាអែលឈ្មោះ Arbel Yehud ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានដោះលែងនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ ក៏នឹងត្រូវបានពិភាក្សា ផងដែរ ហើយយោងតាមប្រភពបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្រួបបង្រួមបទ ឈប់បាញ់នៅហ្គាហ្សាក៏ នឹងត្រូវបានពិភាក្សាដែរ ។
នៅព្រឹកថ្ងៃដដែល ក្រសួងការបរទេស របស់ប្រទេសកាតាបាននិយាយថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀង មួយដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៦នាក់ក្នុងសប្តាហ៍នេះ និងអនុញ្ញាតឱ្យអ្នករស់នៅហ្គាហ្សា ដែលបានផ្លាស់ទីលំនៅត្រឡប់មកវិញ ពីភាគខាងត្បូងទៅតំបន់ភាគខាងជើងផងដែរ ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមបានប្រកាសពី ការបញ្ចប់ដំណាក់កាលទីពីរ នៃការផ្លាស់ប្តូរអ្នកទោសនិងចំណាប់ខ្មាំង រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តក្រោមលក្ខខណ្ឌដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់៕
ប្រែសម្រួល៖ស៊ុនលី