បរទេស៖ យន្តហោះរបស់កងទ័ពអាកាសកូឡុំប៊ី ត្រូវបានគេរំពឹងថានឹងចុះចត ក្នុងប្រទេសវិញនៅព្រឹកថ្ងៃអង្គារ ដោយដឹកជនជាតិកូឡុំប៊ី ចំនួន ១១០ នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើរពីទីក្រុង San Diego រួមជាមួយនឹងការធ្វើដំណើរមួយទៀតពីទីក្រុង Houston ត្រឡប់ទៅប្រទេស កូឡុំប៊ី បន្ទាប់ពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបដិសេធមិនអនុញ្ញាតឱ្យ យន្តហោះយោធាសហរដ្ឋអាមេរិក បញ្ជូនជនជាតិកូឡុំប៊ីដែលនិរទេស ត្រឡប់ទៅប្រទេសកំណើតវិញ។
លោក Petro បាននិយាយថា ការធ្វើបែបនេះគឺជាការមិនគោរព។ ការបដិសេធនេះ បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមតម្លើងពន្ធគយដែលលោក Petro បាននិយាយថា លោកនឹងសងវិញមុនពេលប្រទេសទាំងពីរបានប្រកាសថា ប្រទេសទាំងពីរគេបានឈានដល់កិច្ចព្រមព្រៀង មួយដើម្បីលុបបំបាត់ស្ថានការណ៍តានតឹង។
លោក Petro បាននិយាយថា ជើងហោះហើររបស់កងទ័ពអាកាសកូឡុំប៊ី នឹងអនុញ្ញាតឱ្យជនចំណាកស្រុកធ្វើដំណើរទៅផ្ទះ “ដោយមិនចាំបាច់ដាក់ខ្នោះដៃ”។ លោកថា “ការផ្តល់បែបនេះ គឺមានសេចក្តីថ្លៃថ្នូរសម្រាប់អ្នកនិរទេសនឹង ត្រូវបានអនុវត្តចំពោះប្រទេសទាំងអស់ ដែលបញ្ជូនការនិរទេស” ។
លោក Trump បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីអនុវត្តការនិរទេស ដែលជាការសន្យាមួយនៃយុទ្ធនាការរបស់លោក ចាប់តាំងពីចូលកាន់តំណែងកាលពីសប្តាហ៍មុន។ លោកបាននិយាយកាលពីថ្ងៃច័ន្ទថា ប្រសិនបើប្រទេសនានាមិនទទួលយកជន ចំណាកស្រុករបស់ពួកគេឱ្យបានលឿនទេ «ពួកគេនឹងបង់ថ្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ ហើយយើងនឹងដំឡើងពន្ធដ៏ធំភ្លាមៗ» ៕
ប្រែសម្រួលៈ ណៃ តុលា