សៀមរាប ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។
ជាការដាក់ឲ្យអនុវត្តនូវ ថ្នាលឌីជីថល សម្រាប់ការលក់ និង ការគ្រប់គ្រងការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និង រមណីយដ្ឋាន ទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ ភ្ញៀវទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិ ។
រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងនិង ជាសរសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ។
រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និង ក្រសួងទេសចរណ៍ ជាអាណា ព្យាបាលបច្ចេកទេស៕