ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ៖ អាស៊ាន ត្រូវគិតគូរជាយុទ្ធសាស្ដ្រ ក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩ បិទបញ្ចប់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាស៊ានត្រូវគិតគូរជា យុទ្ធសាស្ដ្រ ក្នុងការស្តារ និងជំរុញការងើបឡើងវិញ នូវកំណើនសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកវីដ-១៩ ត្រូវបានបញ្ចប់ ហើយកម្ពុជាយល់ថា អាស៊ានត្រូវពន្លឿន ការអនុវត្តផែនការ និងយន្ដការ នានាដែលមានស្រាប់ ឲ្យបានលឿន ក៏ដូចជា ជំរុញការធ្វើ សមាហរណកម្មសេដ្ឋកិច្ចតំបន់ លុបបំបាត់របាំងមិនមែនពន្ធ និងបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ផងដែរ ។

សូមរំលឹកថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់ បានស្លាប់បាត់បង់ជីវិត។ ចំណែក កម្ពុជាគិតត្រឹមថ្ងៃទី១៤ ខែមេសានេះ មានអ្នកឆ្លង ១២២ករណី។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេស ស្ដីពី កូវីដ-១៩ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅវិមាន សន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលកន្លងមក វិធានការនានាប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ភាគច្រើនគឺផ្ដោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេ ស។

សម្ដេចតេជោ បន្ដថា ក្នុងបរិការណ៍សកលភាវូបនីយកម្ម និងសមារណកម្មតំបន់ សម្ដេច យល់ ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ គឺមិនអាចស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ។និយាយជារួម អាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម។

ក្នុងស្មារតីនេះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចែករំលែកនូវទស្សនៈមួយចំនួន ដូចខាង ក្រោម ៖

ទី១-ដោយកូវីដ-១៩ ជាជំងឺថ្មី និងមានចំណុចជាច្រើនពាក់ព័ន្ធនឹងជំងឺនេះ ដែលយើងមិន ទាន់បានយល់ដឹង, អាស៊ានត្រូវការចាំបាច់នូវ : (១)៖ ការលើកកម្ពស់ការចែករំលែកឱ្យបានទាន់ពេល វេលានូវឧត្តមានុវត្តន៍, ព័ត៌មាន, ទិន្នន័យ ព្រមទាំងបច្ចេកទេស, បទពិសោធ និង ចំណេះដឹងពាក់ព័ន្ធ នឹងវេជ្ជសាស្ត្រអំពីជំងឺនេះ ក្នុងការការពារ, ទប់ស្កាត់, វិនិច្ឆ័យ, ព្យាបាល និង តាមដាន; (២)៖ ការបន្ត ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអាស៊ានដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គ- ការអន្តរជាតិ និង ដៃគូសន្ទនានានា ក្នុងវិស័យសុខភាពសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ និង (៣)៖ ការផ្តល់ នូវការគាំទ្រឱ្យគ្នាទៅវិញទៅមករវាងសមាជិកអាស៊ាន ដូចជាការចែករំលែកនូវធនធាន, បច្ចេកទេស, និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ។ល។ ក្នុងស្មារតីនេះ, កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នា បង្កើត «មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវី១៩» ដើម្បីឆ្លើយតបនឹង តម្រូវការចាំបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និង ផ្នែកសុខាភិបាល ជាដើម។

ទី២- អាស៊ានដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវលើកកម្ពស់ការសម្របសម្រួល និង កិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវ វិធានការផ្សេងៗ ដើម្បីបញ្ចៀសនូវផលប៉ះពាល់ ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ ដូចជា ការចាត់វិធានការជាឯកតោភាគី ជាអាទិ៍ ការបិទច្រក ឆ្លងកាត់ព្រំដែនដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កការប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់ផលិតកម្ម និង លំហូរពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និង សេដ្ឋកិច្ចតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ, ការប្រកបមុខរបរ, ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាងផងគ្នា ក្នុងតំបន់អាស៊ាន។

ទី៣- ដោយការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះត្រូវការថវិកា, សម្ភារៈបរិក្ខារ ក៏ដូចជាកម្លាំង មនុស្សច្រើន, អ្វីដែលកម្ពុជាអាចផ្តល់ជាបទពិសោធ គឺការជំរុញ និង បំផុសនូវវប្បធ៌មចែករំលែក ដែលនៅក្នុងនេះ គឺមានការចែករំលែកពីស្ថាប័នរដ្ឋ ទៅប្រជាជន, ការចែករំលែកពីដៃគូរអភិវឌ្ឍ និង អង្គការ មិនមែនរដ្ឋាភិបាល ទៅប្រជាជន, ការចែករំលែកអ្នកមានធនធានទៅសង្គម និង អ្នកគ្មានធនធាន និង ការចែករំលែករវាងប្រជាជននៅក្នុងមូលដ្ឋាន។ វប្បធ៌មនេះ គឺមិនត្រឹមតែបន្ថយនូវសម្ពាធមកលើថវិកា ជាតិប៉ុណ្ណោះទេ តែក៏បង្កើតបានជាចលនារួបរួម, ស្មារតីជាប្រជាជាតិតែមួយ និង ចលករក្នុងការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ផងដែរ ។

ទី៤-ត្រូវជៀសវាងការរើសអើងពូជសាសន៍ និង ការប្រកាន់ជំហរស្ដីបន្ទោស ដែលជា ល្បែងទម្លាក់កំហុសដ៏អាក្រក់មួយ នាំដល់ការបែកបាក់សាមគ្គីភាព, ខណៈដែលពិភពលោកទាំងមូល កំពុងខិតខំរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ ក្នុងស្មារតីមនុស្សធម៌ និង សាមគ្គីភាពអន្តរ- ជាតិ, កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង ២២០០នាក់ ចូលចត នាព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ ។ កម្ពុជាមិនត្រឹមតែបាន និង កំពុងជួយព្យាបាលពលរដ្ឋ ខ្មែរប៉ុណ្ណោះទេ, ប៉ុន្តែ ក៏បានព្យាបាលទាំងជនបរទេស រួមមាន ឥណ្ឌូណេស៊ី ២ នាក់, ម៉ាឡេស៊ី ១៣ នាក់, ចិន ១នាក់ អង់គ្លេស ៥នាក់, បារាំង ៤០នាក់, កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, និងអាមេរិកកាំង ២នាក់ ដោយមិនគិតថ្លៃនៅកម្ពុជា។ទី៥-ត្រូវបន្តពង្រឹងស្មារតីជួយគ្នាទៅវិញទៅមកក្នុងអាស៊ាន ជាពិសេស ចំពោះប្រជាជន អាស៊ាន ដែលជាប់គាំងដំណើរ ឬ រងគ្រោះដោយជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ, ខ្ញុំសូមថ្លែងអំណរគុណ ដល់បណ្ដាប្រទេសសមាជិកអាស៊ាន ដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋកម្ពុជា ដែលជាប់គាំងដំណើរតាមផ្លូវ និង នៅតាមព្រលានយន្តហោះ មួយចំនួនកន្លងមក ។ កម្ពុជាក៏បានខិតខំជួយសម្របសម្រួល យ៉ាងយកចិត្តទុកដាក់ដូចគ្នាដែរ ។ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០, កម្ពុជាបានសម្របសម្រួលឱ្យម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលពលរដ្ឋ ម៉ាឡេស៊ី ដែលជាប់នៅកម្ពុជាចំនួន ១១១ នាក់ ។

និងទី៦-អាស៊ានត្រូវគិតគូរជាយុទ្ធសាស្ត្រ ក្នុងការស្តារ និង ជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋ- កិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់ ។ កម្ពុជាយល់ថា អាស៊ានត្រូវពនឿនការអនុវត្តផែនការ និង យន្តការនានាដែលមានស្រាប់ ឱ្យបានលឿន ក៏ដូចជាជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់, លុប- បំបាត់របាំងមិនមែនពន្ធ និង បង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ។ បន្ថែមពីនេះ, យើងក៏ត្រូវជំរុញការអនុវត្ត គំនិតផ្តួចផ្តើមនានា សម្រាប់សមាហរណកម្មអាស៊ាន ដោយផ្តោតលើ : (១)៖ ការលើកកម្ពស់សហគ្រាស មីក្រូ, តូច និង មធ្យម (MSMEs) និង ការបង្កើតធុរកិច្ចថ្មីផ្អែកលើនវានុវត្តន៍បច្ចេកវិទ្យា (Start-ups); (២)៖ ការលើកកម្ពស់កិច្ចសហការរវាងវិស័យឯកជន និង សាធារណៈ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល និង (៣)-ការអភិវឌ្ឍធនធានមនុស្ស និង ជំនាញវិជ្ជាជីវៈឌីជីថល​ ៕ ដោយ ៖ អេង ប៊ូឆេង

To Top