កំពង់ធំ: ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានអនុសាខា កាកបាទក្រហមស្រុកតាំងគោក នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន៣១គ្រួសារ នៅ៤ទីតាំង លើពីរឃុំ គឺឃុំអណ្តូងពោធិ៍ និងឃុំសូយោង ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត បាននាំមកនូវការផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារទាំងអស់ ដោយក្តីនឹករឭក ។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្ដេចតែងតែយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូនជានិច្ចក្នុង គ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា ហើយការជួយគឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។
លោកក៏បានថ្លែងអំណរគុណ អាជ្ញាធរភូមិ/ឃុំ ដែលបានចុះជាប់ជាមួយប្រជាពលរដ្ឋ ព្រមទាំងបានរាយការណ៍ មកស្រុកអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ លោកអភិបាលបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋថែរក្សាសុខភាព ពិសេសចាស់ៗ ព្រោះរដូវនេះអាកាសធាតុចុះត្រជាក់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ ដែលបានទទួលអំណោយទាំង៣១គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរផងដែរ ៕
ដោយសំនៀង