ព័ត៌មានអន្តរជាតិ

អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១១ ឆ្នាំ​ពី​បទ​សូកប៉ាន់

AFP

ញូវយ៉ក៖ លោក Bob Menendez អតីតសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ New Jersey ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំកាលពីថ្ងៃពុធ បន្ទាប់ពីការកាត់ទោសរបស់លោក ពីបទសូកប៉ាន់ និងអំពើពុករលួយកាលពីខែកក្កដា ឆ្នាំមុន។

លោក Sidney H. Stein ចៅក្រមមកពីតុលាការស្រុកសហរដ្ឋអាមេរិក សម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក បានបញ្ជូនការកាត់ទោសនេះបន្ទាប់ពីមេធាវីរបស់លោក Menendez បានដាក់បណ្តឹងឧទ្ធរណ៍ សម្រាប់ការបន្ធូរបន្ថយទោសនៅដើមខែមករា។

ជាមួយគ្នានេះ ព្រះរាជអាជ្ញាមកពីការិយាល័យមេធាវីសហរដ្ឋអាមេរិក ស្រុកភាគខាងត្បូងនៃទីក្រុងញូវយ៉ក បានស្នើសុំឲ្យកាត់ទោសអតីតសមាជិកព្រឹទ្ធសភាឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “ការកាត់ទោសដែលបានដាក់នៅថ្ងៃនេះ កើតចេញពីការរំលោភអំណាចយ៉ាងធ្ងន់ធ្ងរនៅកម្រិតខ្ពស់បំផុតនៃសាខានីតិបញ្ញត្តិនៃរដ្ឋាភិបាលសហព័ន្ធ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Robert Menendez ត្រូវបានគេទុកចិត្តឱ្យតំណាងឱ្យសហរដ្ឋអាមេរិក និងរដ្ឋ New Jersey ប៉ុន្តែផ្ទុយទៅវិញលោកបានប្រើតួនាទីរបស់លោក ដើម្បីជួយលោក ក៏ដូចជាអ្នករួមគំនិតក្បត់ និងរដ្ឋាភិបាលបរទេស ជាថ្នូរនឹងសំណូក ដូចជាសាច់ប្រាក់ មាស និងរថយន្តទំនើបមួយគ្រឿងជាដើម។

គួរបញ្ជាក់ថា កើតនៅឆ្នាំ១៩៥៤ ហើយលោក Menendez បានបម្រើការនៅព្រឹទ្ធសភាសហរដ្ឋអាមេរិកពីឆ្នាំ២០០៦ រហូតដល់ការលាលែងពីតំណែងនៅឆ្នាំ២០២៤ និងធ្វើជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងបរទេសពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ និងពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣៕

ប្រែសម្រួល ឈូក បូរ៉ា

To Top