កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ បាននាំអំណោយ យកទៅផ្ដល់ជូនភ្លាមៗ ដល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបានរុះរើផ្ទះដោយមានការភ័យខ្លាច ការបាក់ស្រុតច្រាំងទន្លេ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ កាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ក្នុងភូមិព្រៃស្តី ឃុំព្រះអណ្តូង ស្រុកស្ទឺងត្រង់។
ក្នុងឱកាសចុះផ្ដល់ អំណោយជូនប្រជា ពលរដ្ឋ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បញ្ហាមានការប្រេះដីខាងក្រោម ផ្ទះប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនោះ គឺមិនបង្កឳ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋទេ ។ ហើយការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឳ្យស្រទាប់ដីផ្នែកខាង ក្រោម នៃតំបន់នោះ រងការហួតហែងយូរខែ ហើយបានប្រទះទឹកភ្លៀវ ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោកអភិ បាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំឳ្យមានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំង ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ គឺ មន្ត្រីជំនាញធនធានទឹក យើងបានធ្វើ ការ ពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ ។ ម្យ៉ាងទៀត មុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ ជាមួយអាជ្ញាធរមូលដ្ឋាន ជាមុនសិន ជៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលាផងដែរ ។
ទន្ទឹមនឹងនោះអំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋរួមមាន ថវិកាមួយគ្រួសារ ៥០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ។