ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ណែនាំមន្ត្រីសុខាភិបាល បន្តអនុវត្តផែនការ យុទ្ធសាស្រ្តអាទិភាព របស់ក្រសួង

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំ កិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ នាថ្ងៃ៣០ មករា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានផ្ញើសារណែនាំ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវបន្តយកចិត្តទុកដាក់ ដល់ការអនុវត្តផែនការ យុទ្ធសាស្រ្ត អាទិភាពរបស់ក្រសួង ឱ្យបានកាន់តែប្រសើរ និងដោយខ្ជាប់ខ្ជួន បើទោះជាទទួលបានលទ្ធផល វិជ្ជមានយ៉ាងណាក៏ដោយ ។

អាទិភាពដែលលោក សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងឱកាសដើមឆ្នាំថ្មីនេះ គឺការរៀបចំផែនការ យុទ្ធសាស្រ្ត វិធីសាស្រ្ត ដើម្បីស្របទៅ តាមបច្ចុប្បន្នភាពថ្មី និងការវិវត្តន៍តាមបរិបទថ្មី , ការផ្តោតសំខាន់ ទៅលើការងារអាទិភាពក្នុង២០២៥ រួមមាន ៖ ជំងឺមហារីក សុខភាពបឋម សុខភាពមាតា និងទារក ត្រូវដាក់ផែនការ កាត់បន្ថយអត្រាឈឺ និងស្លាប់ , ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ឆ្នាំ២០២៥ ត្រូវពង្រឹង និងបង្កើន សហប្រតិបតិ្តជាមួយដៃគូ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម ដោយមជ្ឈមណ្ឌលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្ន បន្ថែមទៀត ដើម្បីសម្រេចបានគោលដៅ លុបបំបាត់ជំងឺ គ្រុនចាញ់នៅកម្ពុជា ជាផែនការយុទ្ធសាស្រ្ត របស់ក្រសួងសុខាភិបាល ដោយក្នុងនោះ ត្រូវបន្តបាញ់ថ្នាំ សម្លាប់មូស លុបបំបាត់ជម្រកមូស និងត្រូវបង្កើនសកម្មភាព ការអប់រំ ផ្សព្វផ្សាយសុខភាពបន្ថែម ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច និង៣ អាទិភាពរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញចាប់ពីផ្តើមអាណត្តិទី៧ ក្នុងការបន្តអនុវត្តវិធានការគន្លឹះ ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ។ សាស្រ្តាចារ្យបានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវបន្តយកចិត្ត ទុកដាក់ពង្រឹងក្រមសីលធម៌ ឥរិយាបថ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដោយត្រូវប្រកាន់ ខ្ជាប់នូវការគោរព គួរសម និងសេចក្តីថ្លៃថ្លូរ ដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ ដល់មន្ទីរពេទ្យជាតិ ត្រូវបន្តក្នុងការចុះជួយពង្រឹង តាមរយៈសម្ព័ន្ធ មេត្រីភាព ជាមួយមន្ទីរពេទ្យបង្អែកស្រុក ខេត្ត ដើម្បីជួយគាំទ្របច្ចេកទេស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីសុខាភិបាល បម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ។ សាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវបន្តពង្រឹង និងពង្រីកនូវភាពជាដៃគូ ក្នុងក្របខណ្ឌកិច្ចសហការ អន្តរផ្នែក អន្តរវិស័យ និងកិច្ចសហប្រតិបត្តិការភាគី ពហុភាគី ឱ្យមានការចូលរួមពីដៃគូបន្ថែមទៀត៕

To Top