ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី ចាប់ខ្លួន ជនជាតិ អ៊ុយក្រែនម្នាក់ ពាក់ព័ន្ធទៅនឹង ផែនការធ្វើរដ្ឋប្រហារ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ប៉ូលីសថា ជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសស្លូវ៉ាគី ពាក់ព័ន្ធនឹងការគំរាមកំហែង ធ្វើរដ្ឋប្រហារ។

ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តី បុរស​ម្នាក់នេះ​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឈ្មោះ​ឡើយ ហើយនឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ស្លូវ៉ាគី ហើយ​ត្រឡប់​ទៅ​អ៊ុយក្រែន​ វិញផងដែរ ។

ចំណាត់ការនេះកើតឡើងបន្ទាប់ ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico ដែលបានបដិសេធមិនធ្វើតាមគោលនយោបាយណាតូ និងសហភាពអឺរ៉ុប ស្តីពីជម្លោះអ៊ុយក្រែន ហើយបានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាតដោយសកម្មជន គាំទ្រគៀវកាលពីឆ្នាំមុន ដោយបានភ្ជាប់ការតវ៉ាប្រឆាំងរដ្ឋាភិបាល នាពេលថ្មីៗនេះនៅក្នុងប្រទេសរបស់គាត់ទៅនឹងការ ជ្រៀតជ្រែកពីអ៊ុយក្រែនប៉ុណ្ណោះ ។

រំលឹកដែរថាកាលពីសប្តាហ៍មុន មនុស្សរហូតដល់១០០,០០០នាក់ បានដើរក្បួនតាមផ្លូវនៃទីក្រុង Bratislava និងទីក្រុងផ្សេងទៀត ក្នុងការតវ៉ាចំពោះអ្វីដែលពួកគេអះអាងថា គឺជាការយល់ឃើញ របស់ Fico ជាមួយប្រទេសរុស្ស៊ី។

បន្ថែមពីនេះផងដែរកាលពីថ្ងៃអង្គារសប្តាហ៍មុន នាយករដ្ឋមន្ត្រីស្លូវ៉ាគី ដោយដកស្រង់របាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Slovak Information Service (SIS) បានអះអាងថា ក្រុមប្រឆាំង នយោបាយរបស់ប្រទេសនេះ កំពុងរៀបចំរដ្ឋប្រហារនៅក្នុងប្រទេស ដែលស្រដៀង ទៅនឹងអ្វីដែលបានកើតឡើង នៅក្នុងទីក្រុងគៀវកាលពីឆ្នាំ២០១៤ ៕

ប្រែសម្រួល៖ស៊ុនលី

To Top