បរទេស៖ ប៉ូលីសនៅប្រទេសវៀតណាម បានផាកពិន័យក្មេងជំទង់ចំនួន ១១នាក់ជាទឹកប្រាក់សរុបចំនួន ៧៨ លានដុង (៣.១១០ ដុល្លារអាមេរិក) ចំពោះការបើកបរមិនប្រុងប្រយ័ត្ន នៅលើផ្លូវល្បឿនលឿន Nghi Son – Dien Chau ខណៈពេលដែលធ្វើដំណើរ ទៅវត្តនៅដើមពិធីបុណ្យចូលឆ្នាំថ្មី។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ក្រុមល្បាតនៃនាយកដ្ឋានប៉ូលិសចរាចរណ៍ បានចេញការផាកពិន័យផ្នែករដ្ឋបាល ប្រឆាំងនឹងក្រុមសិស្សវិទ្យាល័យ និងមហាវិទ្យាល័យចំនួន ១១ នាក់ ដែលមានទីលំនៅក្នុងខេត្ត Thanh Hoa។
បទល្មើសរួមមានការបើកបរម៉ូតូនៅលើផ្លូវល្បឿនលឿន ប្រតិបត្តិការមិនគ្រប់អាយុជាមួយម៉ូតូ ដែលមានកម្លាំងម៉ាស៊ីនចាប់ពី ៥០cc ឡើងទៅ បើកបរមិនពាក់មួកសុវត្ថិភាព គ្រប់គ្រងយានជំនិះគ្មានស្លាកលេខ និងខ្វះប័ណ្ណចុះបញ្ជីយានយន្ត។
អាជ្ញាធរបានឃាត់ម៉ូតូ៦គ្រឿង ជាបណ្ដោះអាសន្នរយៈពេល៧ថ្ងៃ ហើយបានជូនដំណឹងដល់មន្ត្រីមូលដ្ឋាន និងសាលាដើម្បីចាត់វិធានការអប់រំបន្ថែមទៀត ។ ប៉ូលីសក៏កំពុងស៊ើបអង្កេតផងដែរ ថាតើបុគ្គលណាម្នាក់បានជាប់ពាក់ព័ន្ធ ក្នុងការប្រគល់យានយន្តដោយខុសច្បាប់ ទៅឱ្យអ្នកបើកបរដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ៕
ប្រែសម្រួលៈ ណៃ តុលា