តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានឲ្យដឹងថា លោក និងសមភាគីអាមេរិកថ្មីលោក Pete Hegseth បានយល់ព្រមពង្រឹងសម្ព័ន្ធភាពសន្តិសុខរបស់ប្រទេសរបស់ពួកគេ ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទ ជាលើកដំបូងរបស់ពួកគេចាប់តាំងពីការចាប់ផ្តើមរដ្ឋបាលថ្មី របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
ប្រមុខការពារជាតិទាំងពីរក៏បានបញ្ជាក់សារជាថ្មីថា ប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយចិន និងទាមទារដោយជប៉ុននៅសមុទ្រចិនខាងកើត ស្ថិតនៅក្រោមវិសាលភាពនៃសន្ធិសញ្ញាសន្តិសុខជប៉ុន-អាមេរិក ក្នុងនោះលោក Nakatani បានប្រាប់អ្នកយកព័ត៌មានដោយពណ៌នាការកត់សម្គាល់របស់លោក Hegseth ថាជាការបង្ហាញពី “ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនផ្លាស់ប្តូរក្នុងការការពារប្រទេសជប៉ុន” ។
លោកបានលើកឡើងថា “ចំពេលបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យើងបានយល់ព្រមធ្វើការលើការពង្រឹងបន្ថែមទៀតនូវការរារាំង និងសមត្ថភាពឆ្លើយតបរបស់សម្ព័ន្ធ” នៅក្នុងសេចក្តីយោងជាក់ស្តែង ចំពោះសកម្មភាពយោធារបស់ប្រទេសចិននៅក្នុងតំបន់។ នៅក្នុងការសន្ទនារយៈពេល ៤០នាទី រដ្ឋមន្ត្រីការពារជាតិបានយល់ព្រមរៀបចំកិច្ចប្រជុំដោយផ្ទាល់ “ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន” ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានកំណត់ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
ជប៉ុន បានតវ៉ាម្តងហើយម្តងទៀតជុំវិញការឈ្លានពានរបស់នាវាឆ្មាំសមុទ្រចិនចូលក្នុងដែនទឹកជុំវិញប្រជុំកោះ Senkakus ដែលចិនហៅថា កោះ Diaoyu។ គួរបញ្ជាក់ថា លោក Hegseth ដែលជាអតីតពិធីករ Fox News Channel និងជាអ្នកប្រយុទ្ធជើងចាស់ ត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុនថា ជារដ្ឋមន្ត្រីការពារជាតិនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ ដែលបានវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃទី២០ ខែមករា៕
ប្រែសម្រួល ឈូក បូរ៉ា