បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ប្រទេសចិន នឹងដាក់ពាក្យបណ្តឹង នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចាត់វិធានការសងសឹកផ្សេងទៀតប្រឆាំង នឹងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើទំនិញរបស់ខ្លួន ។
យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំងមើលឃើញថា ការដំឡើងពន្ធឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការបំពានច្បាប់ WTO យ៉ាងធ្ងន់ធ្ងរ ។
លោក Trump បានប្រកាសពន្ធថ្មីលើប្រទេសចិន ម៉ិកស៊ិកូ និងកាណាដាកាលពីថ្ងៃសៅរ៍ ដោយលើកឡើង ពីការព្រួយបារម្ភលើការបរាជ័យ របស់ប្រទេសទាំងបីក្នុងការទប់ស្កាត់លំហូរ ជនចំណាកស្រុក និងគ្រឿងញៀនខុសច្បាប់ ដូចជាថ្នាំ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។
ដើម្បីដំឡើងពន្ធនេះឲ្យបានប្រសិទ្ធភាព លោក Trump បានប្រកាសភាពអាសន្ន សេដ្ឋកិច្ចជាតិ ដោយអំពាវនាវឱ្យច្បាប់ ស្តីពីអំណាចសេដ្ឋកិច្ចគ្រា អាសន្នអន្តរជាតិ ហៅកាត់ថាIEEPA ដែលអនុញ្ញាតឱ្យប្រធានាធិបតីគ្រប់គ្រងការ នាំចូលដោយឯកតោភាគី។
ពន្ធដែលកំណត់ចូលជាធរមាននៅថ្ងៃទី៤ខែកុម្ភៈ នឹងមានពន្ធ២៥ភាគរយផង ទៅលើទំនិញទាំងអស់ ពីប្រទេសម៉ិកស៊ិកូ និងទំនិញភាគច្រើនពីកាណាដា និងពន្ធ១០ភាគរយលើទំនិញចិន ហើយយោងតាមតារាងការពិត ដែលចេញផ្សាយដោយសេតវិមាន ពន្ធគយនឹងប្រព្រឹត្តទៅ ដោយគ្មានការលើកលែង រហូតដល់វិបត្តិត្រូវបានធូរស្រាល ៕
ប្រែសម្រួល៖ស៊ុនលី