ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសរដ្ឋមន្រ្តីការបរទេសអាមេរិក ដែលថាកូរ៉េខាងជើង ជារដ្ឋបញ្ឆោត

Kyodo

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានថ្កោលទោសរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ចំពោះការចាត់ទុកប្រទេសនេះថា ជា “រដ្ឋបញ្ឆោត” ហើយបានប្តេជ្ញាថានឹងមានការប្រឆាំងយ៉ាងតឹងរ៉ឹង ចំពោះការបង្កហេតុណាមួយពីសហរដ្ឋអាមេរិក។

នេះជាលើកទីមួយហើយ ដែលអាជ្ញាធរកូរ៉េខាងជើង បានរិះគន់សមាជិកគណៈរដ្ឋមន្ត្រីអាមេរិកមួយរូប ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែង ជាលើកទីពីរកាលពីថ្ងៃទី២០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រសួងការបរទេសកូរ៉េខាងជើង ចាត់ទុកការកត់សម្គាល់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលធ្វើឡើងក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ “ធ្វើឱ្យខូចមុខមាត់រដ្ឋអធិបតេយ្យ ដោយមិនគិត ថាជាការញុះញង់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ពាក្យសម្ដី និងទង្វើអរិភាពរបស់បុគ្គល ដែលទទួលបន្ទុកគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក គឺជាឱកាសនៃការបញ្ជាក់ជាថ្មីម្តងទៀតនូវ គោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងជើង ដែលនៅតែមិនផ្លាស់ប្តូរ”។

សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងផងដែរថា សុន្ទរកថារបស់លោក Rubio “មិនមានអ្វីថ្មីទេ” ដោយមើលឃើញពីទំនោរនយោបាយរបស់លោក និងការបង្ខូចកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងជើង ហើយនឹងកាន់តែភ្ញាក់ផ្អើលប្រសិន បើលោកនិយាយពាក្យល្អអំពីកូរ៉េខាងជើង”។ ប្រភពបន្ថែមថា “យើងនឹងមិនអត់ធ្មត់ ចំពោះការបង្កហេតុណាមួយរបស់សហរដ្ឋអាមេរិក ដែលតែងតែមានអរិភាពជាមួយកូរ៉េខាងជើង ហើយនឹងមានអរិភាពចំពោះប្រទេសនេះ នាពេលអនាគតផងដែរ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top