ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដាក់ពាក្យបណ្តឹងទៅកាន់ WTO ប្រឆាំងនឹងការដំឡើងពន្ធ របស់សហរដ្ឋអាមេរិក

iStock

ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបាឲ្យដឹងថា ប្រទេសចិន បានដាក់ពាក្យបណ្ដឹងទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែម ១០ ភាគរយលើទំនិញពីប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យ MOC បានឲ្យដឹងក្នុងការឆ្លើយតប ទៅនឹងការសាកសួរប្រព័ន្ធផ្សព្វផ្សាយ ដោយបានលើកឡើងថា ការដាក់ពន្ធបន្ថែម របស់សហរដ្ឋអាមេរិក លើផលិតផលរបស់ចិន បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់ WTO ហើយទង្វើដ៏អាក្រក់នេះ គឺជាលក្ខណៈធម្មតានៃលទ្ធិឯកតោភាគីនិយម និងការការពារពាណិជ្ជកម្ម ។

អ្នកនាំពាក្យបានបន្ដថា ចលនារបស់សហរដ្ឋអាមេរិក ធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់យ៉ាងធ្ងន់ធ្ងរ បំផ្លាញមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសចិន-សហរដ្ឋអាមេរិក និងរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។

សហរដ្ឋអាមេរិក បានដាក់ឯកតោភាគីម្តងហើយម្តងទៀត នៅពីលើពហុភាគីនិយម ដែលបណ្តាលឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសមាជិកភាគច្រើននៃ WTO ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិក ហើយជំរុញឱ្យភាគីសហរដ្ឋអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់”។

អ្នកនាំពាក្យរូបនេះបន្ថែមថា ក្នុងនាមជាអ្នកគាំទ្រដ៏រឹងមាំ និងជាអ្នករួមចំណែកយ៉ាងសំខាន់ ចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ប្រទេសចិនបានត្រៀម ខ្លួនរួចជាស្រេចក្នុងការធ្វើការ ជាមួយសមាជិក WTO ផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយឯកតោភាគីនិយម និងការការពារពាណិជ្ជកម្ម ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងដើម្បីការពារការអភិវឌ្ឍប្រកបដោយសណ្តាប់ធ្នាប់ និងស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top