ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ សាទរចំពោះការរៀបចំឡើង ផ្លូវថ្មើជើង ឬWalk street ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បើទោះស្ថិតក្នុងការសាកល្បង

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ផ្លូវថ្មើជើង(Walk street) តាមបណ្តោយមាត់ទន្លេ ចាប់មុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង (ផ្លូវលេខ២៤០) នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ ពិតជាទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងនេះ មិនទាន់គ្រប់ជ្រុងជ្រោយ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់នូវការខិតខំបន្តរៀបចំ ឱ្យកាន់តែល្អថែមទៀត ជាមួយការបំពេញបន្ថែម ចំពោះអ្វីខ្វះខាតថ្មីនេះ។

ការលើកឡើងរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះលោក ម៉ប់ សារិន បានគូសបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម កន្លងមកថ្មីៗនេះ គឺមិនមានការដុតផាវ បង្កសំលេងរំខាន។ ចំពោះបញ្ហាគ្រោះអគ្គីភ័យ បើទោះបី បានកើនឡើង ប៉ុន្តែដោយការយកចិត្តទុកដាក់ ពីអាជ្ញាធរនិងកងម្លាំង នៅតែអាចទប់ស្កាត់និងពន្លត់បានទាន់ពេល។ ការចាត់វិធានការលុបបំបាត់មូសខ្លាបានល្អនិងទាន់ពេលវេលា។ ការងារនេះអនុវត្តបានល្អដោយមានការចូលរួមសហការគ្នា បានល្អរវាងអាជ្ញាធរនិងមន្ទីរសុខាភិបាល និងសង្ឃឹមថា កិច្ចការងារនេះនឹងដំណើរការបានល្អ នៅឆ្នាំ២០២៥នេះ គឺមិនមានការឆ្លងរាលដាលជម្ងឺក្រុនឈាម។

បន្ថែមលើនេះលោក ម៉ប់ សារិន មានប្រសាសន៍ថា សមាគមជាតិក្រុមប្រឹក្សារាជធានីភ្នំពេញ កំពុងរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ដល់សមាជិកក្រុមប្រឹក្សា។ នេះជាការងារចាំបាច់របស់សមាជិកក្រុមប្រឹក្សា ដើម្បីបានដឹងពីតួនាទីនិងភារកិច្ចរបស់ខ្លួន ថាតើ ក្រុមប្រឹក្សាមានទំនាក់ទំនងបែបណា ជាមួយគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត ហើយក្រុមប្រឹក្សា មានតួនាទីនិងភារកិច្ចអ្វីខ្លះ។ ក្រុមប្រឹក្សា រាជធានី ខេត្ត មិនអាចដឹកនាំបញ្ជា ទៅលើអាជ្ញាធរនិងកងកម្លាំងនោះទេ។

ជាមួយគ្នានេះ លោក កើត ឆែ បានបញ្ជាក់ថា ការចាត់វិធានការលុបបំបាត់មូសខ្លា បានអនុវត្តបានល្អប្រសើរហើយ អ្វីដែលត្រូវអនុវត្តបន្តអនុវត្តនោះ គឺសូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋ បានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺគ្រុនឈាមនេះ៕

To Top