ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីហ្វីលីពីន ដែលជាកូនស្រីរបស់លោក Duterte ត្រូវបានចោទប្រកាន់ពីបទគ្រោងធ្វើឃាត ប្រធានាធិបតី និងការចោទប្រកាន់ផ្សេងទៀត

AFP

បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ក្នុងចំណោមការចោទប្រកាន់ជាច្រើន ដែលរួមមានការគ្រោងធ្វើឃាតប្រធានាធិបតី អំពើពុករលួយទ្រង់ទ្រាយធំ និងបរាជ័យក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លើនរបស់ចិនប្រឆាំងនឹង កម្លាំងហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការរបស់សមាជិកសភាក្នុងសភា ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Ferdinand Marcos Jr. គឺបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ជម្លោះនយោបាយដ៏ជូរចត់រវាងមេដឹកនាំកំពូល ទាំងពីរនៃលទ្ធិប្រជាធិបតេយ្យដ៏ប្រេះឆាបំផុតមួយនៅអាស៊ី។

លោក Marcos បានបង្កើនទំនាក់ទំនងផ្នែកការពារជាតិជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ប្រទេសរបស់លោកគឺសហរដ្ឋអាមេរិក ខណៈដែលឪពុករបស់អនុប្រធានាធិបតីគឺអតីតប្រធានាធិបតី លោក Rodrigo Duterte បានចិញ្ចឹមបីបាច់ទំនាក់ទំនងដ៏កក់ក្ដៅជាមួយប្រទេសចិន និងរុស្ស៊ី ក្នុងអំឡុងពេលអាណត្តិដ៏ខ្លាំងក្លារបស់លោកដែលបានបញ្ចប់នៅឆ្នាំ២០២២ ។

លោកស្រី Sara Duterte មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការចោទប្រកាន់នេះទេ ប៉ុន្តែបងប្រុសរបស់លោកស្រី គឺតំណាងរាស្រ្តលោក Paolo Duterte បាននិយាយថា វាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកបានបន្តថា សមាជិកសភាជាគូប្រជែងបានព្យាយាម ប្រមូលហត្ថលេខាយ៉ាងឆាប់រហ័ស និងជំរុញឲ្យមាន «ករណីចោទប្រកាន់ដោយគ្មានមូលដ្ឋាន» ទៅកាន់ព្រឹទ្ធសភា។

លោកស្រី Sara Duterte បានចោទប្រកាន់លោក Marcos ភរិយា និងបងប្អូនជីដូនមួយរបស់លោក គឺប្រធានសភា Martin Romualdez ពីការប្រព្រឹត្តអំពើពុករលួយ ភាពជាអ្នកដឹកនាំទន់ខ្សោយ និងការប៉ុនប៉ងបំបិទមាត់លោកស្រី ដោយសារតែការរំពឹងទុកថា លោកស្រីអាចនឹងស្វែងរកតំណែងប្រធានាធិបតីនៅឆ្នាំ ២០២៨ បន្ទាប់ពីអាណត្តិ ៦ ឆ្នាំរបស់ Marcos ត្រូវបញ្ចប់។

អគ្គលេខាធិការសភាតំណាងរាស្រ្ត លោក Reginald Velasco បានប្រាប់កិច្ចប្រជុំសភាពេញអង្គ នៅក្នុងសម័យប្រជុំចុងក្រោយរបស់ស្ថាប័ននេះ មុនពេលឈប់សម្រាករយៈពេល ៤ ខែថា យ៉ាងហោចណាស់មានសមាជិកសភាចំនួន ២១៥ នាក់នៅក្នុងសភាជាន់ទាបបាន ចុះហត្ថលេខាលើពាក្យបណ្តឹងនេះ ដែលលើសពីចំនួនដែលត្រូវការ ដើម្បីបញ្ជូនញត្តិយ៉ាងឆាប់រហ័សទៅកាន់ព្រឹទ្ធសភា ដែលនឹងបម្រើការជាសាលាក្តី ដើម្បីកាត់ក្តីទៅលើអនុប្រធានាធិបតី ៕

ប្រែសម្រួលៈ ណៃ តុលា

To Top