ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមអមជាមួយថ្នាក់ដឹកនាំ នៃកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំ សួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_11-02-03-1024x681.jpg)
សួនឧស្សាហកម្មស្វាយចន្ទី ដែលជាសួនឧស្សាហកម្មដំបូងគេនៅកម្ពុជា គ្រោងធ្វើឡើងនៅលើទឹកដីខេត្តកំពង់ធំ ដែលជាខេត្តមានការដាំដុះស្វាយចន្ទីច្រើនជាងគេ។ ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណ ១៥ម៉ឺនហិកតា។ ក្នុងនោះ ផ្ទៃដីប្រមូលផលជាង ១៤ម៉ឺនហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហិកតា ក្នុង១ឆ្នាំ និងបរិមាណផលជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេស។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_11-01-55-1024x681.jpg)
សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយមានផ្ទៃដីទំហំជិត៦០០ហិកតា មានចម្ងាយពីទីរួមខេត្តកំពង់ធំ ជិត១៣គីឡូម៉ែត្រ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_11-02-01-1024x681.jpg)
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីប្រហែល ៥៨ម៉ឺនហិកតាកំពុងប្រមូលផល និងប្រហែល ១២ម៉ឺនហិកតាទៀតជាដីទើបដាំដុះថ្មី។ ចំណែកទិន្នផលប្រមូលបាន គឺស្ថិតក្នុងចន្លោះពី ៨០-១០០ម៉ឺនតោនក្នុង១ឆ្នាំ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_11-01-58-1024x681.jpg)
ក្នុងនោះកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ចំនួន ៨១៥,០០០តោន កើនឡើង២១ភាគរយ ទទួលបានថវិកាចំនួន ១,១៥០លានដុល្លារ កើនឡើង២៦.១៥ភាគរយ។ ដោយឡែកនាំចេញទៅវៀតណាម មានចំនួនជាង ៧៩ម៉ឺនតោន៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)