នយោបាយ

មេដឹកនាំអាស៊ាន លើកទឹកចិត្ត ឲ្យអាមេរិក បន្តគាំទ្រ ការអនុវត្តផែនការ មេការតភ្ជាប់ ជាមួយអាស៊ាន

ភ្នំពេញ ៖ មេដឹកនាំបានលើកទឹកចិត្ត ឲ្យសហរដ្ឋអាមេរិក បន្តការគាំទ្រការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន នៅឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាន ដំណាក់កាលទី៣ ដែលផ្តោតសំខាន់លើការតភ្ជាប់ ដើម្បីជួយកាត់បន្ថយគម្លាត អភិវឌ្ឍន៍រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជាប់តំបន់ សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥ផងដែរ ។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងតំណាង ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើរបៀបវារៈ ដែលបានគ្រោងទុក ពិសេសបានធ្វើការពិនិត្យ និងពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអាមេរិកឲ្យកាន់តែរឹងមាំ រីកចម្រើនទ្វេឡើងថែមទៀត ។

ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ក៏បានសង្កត់ធ្ងន់នូវសារៈសំខាន់ នៃការជំរុញភាពជាដៃគូ ជាមួយដៃគូសន្ទនាតាមវិស័យ ដៃគូអភិវឌ្ឍន៍ និងភាគីខាងក្រៅដទៃទៀត តាមរយ:ក្របខណ្ឌនីមួយៗ និងការអនុវត្តផែនការសកម្មភាពទាំងឡាយ នៃកិច្ចសហប្រតិបត្តិការនានា។

មេដឹកនាំអាស៊ាន ក៏បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីជំនួយបច្ចេកទេសថ្មី រវាងអាស៊ាន និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយៈនវានុវត្តន៍ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលនឹងបន្តជួយលើកកម្ពស់ ការកសាងសហគមន៍អាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក លើកទី៧ និងបានអនុម័តសេចក្តីប្រកាស របស់ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ស្តីពីសន្តិសុខថាមពលផងដែរ ៕ ដោយ៖ធី លីថូ

To Top