ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា សរសើរមន្រ្តីប៉ុស្តិ៍រដ្ឋបាលពាមឯក ស្រុកឯកភ្នំ បានបែងកម្លាំងប្រចាំការ ដើម្បីបម្រើពលរដ្ឋ បើទោះបីជាថ្ងៃសៅរ៍

បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសើរ និងលើកទឹកចិត្តដល់ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បើទោះបីជាថ្ងៃនេះ ជាថ្ងៃសៅរ៍ ប៉ុន្ដែបានបែងចែកកម្លាំងប្រចាំការ ដើម្បីសម្រួលការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដំណើរបេសកកម្មការងារនៅខេត្តបាត់ដំបង បានអញ្ជើញចូលជួបសំណេះសំណាលមួយស្របក់ ជាមួយប្រជាពលរដ្ឋ ១គ្រួសារ មានប្ដី ប្រពន្ធ និងកូនតូច ដែលមកស្នើសុំសេវាឯកសារផ្លាស់ទីលំនៅ ចេញពីមូលដ្ឋានឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា សូមសរសើរប្អូនៗជាស្វាមី និងភរិយា ដែលបានយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ចំពោះឯកសារផ្លាស់ទីលំនៅ ហើយឆ្លៀតពេលវេលាមកស្នើសុំសេវានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក។ ឯកសារនេះ ជាការតម្រូវចាំបាច់របស់មន្រ្តីនគរបាលប៉ុស្តិ៍ សម្រាប់ការងារគ្រប់គ្រងស្ថិតិប្រជាជន និងក៏មានសារៈសំខាន់សម្រាប់ការប្រើប្រាស់ផ្សេងៗរបស់បងប្អូន។

តាមរយៈការចូលជួបដោយពុំបានជូនដំណឹងជាមុន លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏សូមសរសើរ និងលើកទឹកចិត្តខ្ពស់ដល់ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលពាមឯក បើទោះបីជាថ្ងៃនេះ ជាថ្ងៃសៅរ៍ ប៉ុន្តែនាយប៉ុស្តិ៍ បានបែងចែកកម្លាំងប្រចាំការ សម្រួលការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ដែលមួយចំនួនពួកគាត់ច្រើនតែ មានឱកាសមកស្នើធ្វើឯកសារផ្សេងៗក្នុងថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យឈប់សម្រាក ទំនេរពីការងារ៕

To Top