ភ្នំពេញ៖ លោកបណ្ឌិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី គឺបានបង្ហាញពីបេះដូងអ្នកបរិស្ថាន ចូលរួមបណ្តុះ និងចែកកូនឈើដល់ប្រជាពលរដ្ឋដាំ ដើម្បីពង្រីកវិសាលភាពបៃតងនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_09-53-42-1024x682.jpg)
លោកបណ្ឌិត អ៊ាងសុផល្លែត បានថ្លែងបែបនេះក្នុងពេលអញ្ជើញជា អធិបតីក្នុងពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ដែលមានទីតាំង នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្តមណ្ឌលគីរី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។
លោករដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ នៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នីមួយៗ មិនត្រូវកាប់ដើមឈើណាមួយឡើយ បើទោះជាឈើទាំងនោះ ស្ថិយក្នុងរងនៃជួរថ្នាលបណ្តុះកូនឈើ ដែលមាននៅក្នុងប្លង់សាងសង់យ៉ាងណាក្តី។ លោក ថា «ខ្ញុំមិនអនុញ្ញាតជាដាច់ខាតឱ្យមានកាប់ដើមឈើ ក្នុងគម្រោងសាសង់ថ្នាលបណ្តុះកូនឈើ។ ប្រសិនបើមានការប៉ះពាល់ដល់ដើមឈើ ត្រូវចាំបាច់កែសម្រួល បត់បែនទៅតាមស្ថានភាពជាក់ស្តែង នៃគម្រោងនៅទីនោះ»។
សូមបញ្ជាក់ថា ឆ្លើយតបនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងស្របតាមវិធានការអនុវត្តរបស់ក្រសួងបរិស្ថាន លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ក្រសួងបរិស្ថាន បាននិងកំពុងសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ធំៗ ចំនួន៥កន្លែងក្នុងនោះ ទី១នៅខេត្តត្បូងឃ្មុំ (បានបើកកដ្ឋានសាងសង់នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤) ទី២ នៅខេត្តមណ្ដលគីរី (បើកការដ្ឋានសាសង់នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៥) ទី៣ នៅខេត្តសៀមរាប ទី៤ នៅខេត្តកំពង់ស្ពឺ និងទី៥នៅខេត្តកោះកុង។
ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ របស់ក្រសួងបរិស្ថាន សាងសង់ឡើងក្នុងគោលបំណង ចូលរួមចំណែកបណ្តុះនូវផ្នត់គំនិត«ពន្លកបៃតង« តាមរយៈការជំរុញការបណ្តុះនិងចែកកូនឈើ ក្នុងនោះមានកូនត្នោតផងដែរ ជូនប្រជាពលរដ្ឋ យកទៅដាំឱ្យបានច្រើន យ៉ាងតិចចំនួន ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនការស្រឡាញ់ ចូលរួមដាំដើមឈើ ការពារព្រៃឈើ និងបង្កើនគម្របបៃតងនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការឈានឆ្ពោះទៅសម្រេចបាន កម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)