ព័ត៌មានជាតិ

សម្តេចតេជោ ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងធំទូលាយ សាងសង់ “សួនតេជោសន្តិភាព”

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបាន ផ្តល់អនុសាសន៍ឱ្យរដ្ឋបាលខេត្តសៀមរាប រកទីតាំងឲ្យបានធំទូលាយ ដើម្បីសាងសង់ “សួនតេជោសន្តិភាព” នៅក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃ ការបញ្ចប់សង្គ្រាមនៅកម្ពុជា។ នេះបើតាមសេចក្តីបំភ្លឺរបស់ រដ្ឋបាលខេត្តសៀមរាបនាថ្ងៃ១២ កុម្ភៈ ។

ការផ្តល់អនុវត្តរបស់សម្តេចតេជោ បានធ្វើឡើងក្រោយសាធារណជនមួយចំនួន បានបញ្ចេញមតិយោបល់ជាច្រើនតាមបណ្តាញសង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប ទៅជាសួនតេជោសន្តិភាព ។ ប៉ុន្តែការយល់ច្រឡំរបស់សាធារណមតិនេះ ក៏ត្រូវបានរដ្ឋបាលខេត្តបកស្រាយថា ពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់នោះឡើយ ។ ការមិនផ្លាស់ប្តូរពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំង រៀបចំរចនាបថកែលម្អ អមដោយ រូបចម្លាក់មេទ័ពទាំង ១២កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេកព្រះអង្គចម ដែលបានរៀបចំធ្វើរបង ព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់ មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនហ្គ្រេនហូថែល។

សេចក្តីបំភ្លឺបញ្ជាក់ទៀតថា “ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យ ប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ”។

សម្តេចតេជោបន្តថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្រូវរៀបចំកែលម្អសោភណភាព នៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬ សួនហ្គេនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈនៃយើងទាំងអស់គ្នា។ បន្ថែមលើសពីការកែលម្អក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ ការរៀបចំសួនត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋ អាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធ កម្មវិធីល្អៗជាច្រើនដែលនឹងផ្តល់ផលប្រយោជន៍ ដល់បងប្អូនប្រជាជនខេត្តសៀមរាប៕

To Top