ភ្នំពេញ ៖ គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២.៨៤៤ ថយចុះ១៤% ក្នុងនោះ មនុស្សស្លាប់ ១.៥០៩ នាក់ ថយចុះ៥% និងរងរបួស ៣.៧២០នាក់ ថយចុះ១៨%។
នេះបើយោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ បានបង្ហាញក្នុងពិធី បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាល អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ជាពិសេសដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋផងនោះ បានធ្វើឲ្យសណ្តាប់ធ្នាប់ សាធារណៈនៅតាមទីប្រជុំជនជាបណ្តើរៗ មានភាពកាន់តែល្អប្រសើរ។
ជាក់ស្តែង កម្លាំងសណ្តាប់ធ្នាប់នៅតាមរាជធានី-ខេត្ត បានសហការជាមួយអង្គភាពពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ទីប្រជុំជន និងទីសាធារណៈនានាចំនួន ១៤.៥៨៦លើក ដោយបានអប់រំណែនាំប្រជាពលរដ្ឋជាច្រើននាក់ ឱ្យចូលរួម ចំណែកក្នុងការរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមគោលដៅអាជីវកម្មរបស់ខ្លួន។
គ្រោះថ្នាក់ចរាចរណ៍ (គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤) កើតឡើងសរុប ចំនួន ២.៨៤៤/៣.៣១៧លើក ថយចុះ ៤៧៣លើក ស្មើ ១៤% ក្នុងនោះ មនុស្សស្លាប់ ១.៥០៩/១៥៩០ នាក់ ថយចុះ ៨១នាក់ ស្មើ ៥% និងរងរបួស ៣.៧២០/៤.៥១៥នាក់ ថយចុះ ៧៩៥នាក់ ស្មើ ១៨%។
កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតែបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ខិតខំប្រឹងប្រែង តស៊ូប្រកបដោយភាពអំណត់អត់ធន់ ចាត់តាំងអនុវត្តផែនការសកម្មភាពរបស់ គ.ស.ច.គ. សំដៅបញ្ចៀស នូវហានិភ័យឲ្យបានជាអតិបរមា ដែលបណ្តាលមកពីការមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបាន រួមមាន ៖
១- ចូលរួមជាវាគ្មិននៅស្ថានីយ៍ទូរទស្សន៍ និងវិទ្យុជាតិសរុបចំនួន ៣៣លើក ដើម្បីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ។
២- បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរជូនអ្នកបើកយានយន្ត ដឹកនិយោជិក កម្មករ និងសិស្សានុសិស្សសរុបចំនួន ៣.៤៣០នាក់ (អ្នកបើកបរ ៣៥០នាក់) និងផ្សព្វផ្សាយ ចែកលិខិតបទដ្ឋានផ្សេងៗចំនួន ៣៤៥លើក អ្នកបានទទួល ៣៥.៩៣៧នាក់ (ស្រី ១៦.១០១នាក់)។
៣- បានសហការរៀបចំសិក្ខាសាលា ក្រោមប្រធានបទ រួមគ្នាស្វែងយល់អំពីច្បាប់ចរាចរណ៍ និង ផលប៉ះពាល់នៃគ្រឿងញៀន” នៅសាលារៀនក្វាងចាវ ខណ្ឌទួលគោក ដែលមានអ្នកចូលរួមសរុប ចំនួន ៥៣១នាក់ (សិស្សានុសិស្ស ២០០នាក់)៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)