បរទេស៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានច្រានចោលផែនការណាមួយ ដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបាននិយាយកាលពីថ្ងៃពុធថា ការតាំងទីលំនៅថ្មីបែបនេះនឹង “មិនអាចទទួលយកបាន” ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Aboul Gheit បានប្រាប់កិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកថា សំណើរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការផ្លាស់ទីប្រជាជនប៉ាឡេស្ទីនប្រហែល ២ លាននាក់ចេញពីតំបន់ហ្គាហ្សា ដែលបំផ្លិចបំផ្លាញដោយសង្រ្គាម គឺនឹងជំរុញឱ្យតំបន់នេះចូលទៅក្នុងវដ្តនៃវិបត្តិជាមួយនឹង “ឥទ្ធិពលបំផ្លាញដល់សន្តិភាព និងស្ថិរភាព” ។
លោក Aboul Gheit បាននិយាយថា “មិនអាចទទួលយកបានសម្រាប់ពិភពអារ៉ាប់ ដែលបានប្រយុទ្ធនឹងគំនិតនេះអស់រយៈពេល ១០០ ឆ្នាំមកហើយ” ។
ចំណែកព្រះមហាក្សត្ររបស់ប្រទេសហ្ស៊កដានី Abdullah II បានមានបន្ទូលបន្ទាប់ពីកិច្ចពិភាក្សា កាលពីថ្ងៃអង្គារជាមួយលោក ដូណាល់ត្រាំ ថា លោកបានរំលឹកឡើងវិញនូវ “ជំហរដ៏រឹងមាំរបស់ប្រទេសរបស់ហ្សកដានី ប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា និង West Bank” ៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)