ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើក្រុមការងាររាជរដ្ឋាភិបាល បញ្ឈប់ការអន្តរាគមន៍ដើម្បីយកមន្ត្រីពីកន្លែងផ្សេង ឱ្យទៅកាន់តំណែងនៅមូលដ្ឋានខ្លួនចុះ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ឬក្រុមការងារពាក់ព័ន្ធចុះមូលដ្ឋាន បញ្ឈប់ការអន្តរាគមន៍ដើម្បីយកមន្ត្រីពីកន្លែងផ្សេង ឬមូលដ្ឋានផ្សេងឱ្យទៅកាន់តំណែង នៅមូលដ្ឋានខ្លួនចុះទៅនោះ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរ និងអរគុណថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ទូទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងសម្រេចបានលទ្ធផល នៃការបំពេញភារកិច្ចឆ្នាំ២០២៤ ជាង៩៥% ធៀបនឹងផែនការ។

ប្រមុខក្រសួងមហាផ្ទៃបានចាត់ទុកលទ្ធផលនេះថាមិនអាចកាត់ផ្តាច់បានឡើយ ពីការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់ថ្នាក់ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងភាគីពាក់ព័ន្ធ ទាំងក្នុងកម្រិតស្ថាប័នរដ្ឋ ស្ថាប័នវិស័យឯកជន និងដៃគូជាតិ និងអន្តរជាតិ។

ដើម្បីពង្រឹងកិច្ចការចាំបាច់មួយចំនួន លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងអំពីសារៈសំខាន់នៃការប្ដេជ្ញាចិត្តធ្វើឱ្យបានជោគជ័យការជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការសម្របសម្រួលតាមយន្តការ គ.ជ.អ.ប ដើម្បីផ្ទេរមុខងារមួយចំនួនទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានភាពជាម្ចាស់។

ទន្ទឹមនឹងការជំរុញឱ្យគ្រប់អង្គភាពពង្រឹងការបណ្តុះបណ្តាលផ្ទៃក្នុង លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាល ឬក្រុមការងារពាក់ព័ន្ធចុះមូលដ្ឋាន បញ្ឈប់ការអន្តរាគមន៍ដើម្បីយកមន្ត្រីពីកន្លែងផ្សេង ឬមូលដ្ឋានផ្សេងឱ្យទៅកាន់តំណែង នៅមូលដ្ឋានខ្លួនចុះទៅនោះ ដោយឯកឧត្តមបានលើកឡើងពីភាព ចាំបាច់នៃការអនុវត្តលើយន្តការដែលមានស្រាប់ និងការអនុវត្តទៅតាមនីតិវិធី ដែលទុកលទ្ធភាពឱ្យ ថ្នាក់ដឹកនាំរដ្ឋបាលនីមួយៗ ពិនិត្យសម្រេចដើម្បីស្នើតែងតាំង មន្ត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ ឱ្យខានតែបានគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរគ្រឿងញៀនខុសច្បាប់ ការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាប្រធានបទមួយព្រួយបារម្ភ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្តល់ការណែនាំដល់រដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់៕

To Top