ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសបុគ្គលឆ្នើមកម្ពុជា២រូបដែលត្រូវ ទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកក្នុងការ ពង្រឹងទំនាក់ទំនងរវាង ជប៉ុន – កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩បានឲ្យដឹងថា “ការផ្ដល់គ្រឿងឥស្សរិយយស សម្រាប់ឆ្នាំ២០១៩ នៅថ្ងៃ ៣ វិច្ឆិកា នៅទីស្តីការគណៈរដ្ឋមន្រ្តី នៃរដ្ឋាភិបាលជប៉ុនបានប្រកាសអំពីឈ្មោះ អ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់ឆ្នាំ២០១៩ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់ការចូលរួមចំណែក របស់ពួកគាត់ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោ របស់ពួកគាត់ក្នុងវិស័យផ្សេងៗ ទៀតនៅក្នុងសង្គម”។
ទូតជប៉ុនបន្ដថា បុគ្គលឆ្នើម២រូបទទួលគ្រឿងឥស្សរិយយសរួមមាន ៖ ទី១ -លោកបណ្ឌិត សៀង ណាំ សមាជិករដ្ឋសភាជាតិកម្ពុជា នឹងទទួលគ្រឿង ឥសសរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួលស្គាល់ការចូលរួមវិភាគទានក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគី និងរឹតចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា ។
ទី២-លោក Teruo Jinnai ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា នឹងទទួលគ្រឿងឥស្សរិយយស “The Order of Secred Treasure, Gold and Silver Rays” ជាការទទួលស្គាល់ការចូលរួមវិភាគទានរបស់ លោកក្នុងការចូលរួមចំណែកជម្រុញការផ្លាស់ ប្តូរវប្បធម៌រវាង ជប៉ុន-កម្ពុជា ក៏ដូចជាការលើកស្ទួយវប្បធម៌កម្ពុជា នៅលើវេទិការអន្តរជាតិ ដូចជាអង្គការយូណេស្កូ៕ ដោយ អេង ប៊ូឆេង