ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ដាក់ចេញផែនការអាទិភាព ៦ចំណុច សម្រាប់អភិវឌ្ឍវិស័យ អាកាសចរស៊ីវិល

ភ្នំពេញ៖ ដេីម្បីអភិវឌ្ឍ និងបង្កើនសុវត្ថិភាព លើវិស័យអាកាសចរស៊ីវិល ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ -អន្ដរជាតិនោះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដាក់ចេញផែនការ អាទិភាពសំខាន់ៗចំនួន ៦ចំណុច ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល» នៅថ្ងៃទី១៦ មេសានេះ លោក ជា អូន អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងថា ផែនការសកម្មភាពអាទិភាពសម្រាប់អភិវឌ្ឍន៍ វិស័យអាកាសចរស៊ីវិលនៅកម្ពុជាចំនួន ៦ចំណុចនោះរួមមាន៖ ១.ការពង្រឹងសុវត្ថិភាពហោះហើរ, ២.ការពង្រឹងសន្តិសុខអាកាសចរស៊ីវិល, ៣.ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ, ៤.ការពង្រឹងសេវាកម្ម នាំផ្លូវអាកាស, ៥.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានជាតិ-អន្តរជាតិ និង៦.ការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ន។

លោកបន្ថែមថា ការបង្កើនវិធានការពង្រឹងសន្ដិសុខ និងសុវត្ថិភាពអាកាសចរស៊ីវិលនេះ គឺដើម្បីឲ្យការដឹកជញ្ជូន តាមផ្លូវអាកាស ឆ្លើយតបបានយ៉ាងល្អប្រសើរបំផុត ចំពោះតម្រូវការនានារបស់អ្នកប្រើប្រាស់ និងសង្គមជាតិ ។

លោកគូសបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឱ្យវិស័យមួយនេះមានវឌ្ឍនភាព កាន់តែប្រសើឡើង ស្របតាមអនុសាសន៍ របស់អង្គការ អាកាសចរស៊ីវិលអន្តរជាតិ (ICAO) ។

សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្ដិការអាជីវកម្មមានចំនួន ៤៧ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមាន ៦ក្រុមហ៊ុន និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមាន ៤១ក្រុមហ៊ុន។ អាកាសយានស៊ីវិលដែលបានចុះបញ្ជី ប្រតិបត្ដិការអាជីវកម្មសរុបមានចំនួន ១២គ្រឿង៕

To Top