ព័ត៌មានជាតិ

ធនាគារជាតិ ក្រើនរំលឹកពលរដ្ឋ មានប្រាក់រៀលចាស់ ទក់ ឬរហែក ទៅប្តូរថ្មីបានគ្រប់ពេល

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃ១៨ កុម្ភៈ បានប្រកាសពីសកម្មភាពបន្តនៃការប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។

ការលើកឡើងរបស់ធនាគារនេះ បន្ទាប់ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។ ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។

គួររំលេចថា សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ ៕

To Top