ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងការពាមិនឲ្យមានការចម្លងជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុង ប្រទេសកម្ពុជា ក្រសួងការបរទេសខ្មែរ បានសម្រេចបន្តផ្អាកមិនឲ្យ ជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា រហូតដល់ស្ថានភាព ជំងឺកូវីដ១៩ មានការធូរស្រាល ។
យោងតាមជូនព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៦ មេសា បានឲ្យដឹងថា ជាមួយគ្នានេះការផ្អាកគោលការណ៍ លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។
ក្រសួងការបរទេសបន្ថែមថា រាល់វិធានការរឹតបន្តឹង ការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្ត រហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយមានការវាយតម្លៃរួមគ្នា រវាងក្រសួងសុខាភិបាល និងអង្គការសុខាភាពពិភពលោក ៕