ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានគូសបញ្ជាក់ពី ទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបន្ដ កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការផ្លាស់ប្ដូរកម្លាំងពលកម្មឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀត ដើម្បីអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ព្រមទាំងបំពេញតម្រូវការសកម្មភាព សេដ្ឋកិច្ចទៅវិញទៅមក៕




