ព័ត៌មានជាតិ

លទ្ធផលកិច្ចប្រជុំរបស់ គ.ជ.ប ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារ និងទម្រង់បែបបទមួយចំនួន​ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ​ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធនឹងឯកសារដែលមានក្នុងរបៀបវារៈ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ តាមរបៀបវារៈម្តងមួយៗ និងបានកែសម្រួលពាក្យពេចន៍មួយចំនួន ហើយបានអនុម័តដូចខាងក្រោម៖

១.របៀបវារៈទី១៖ អនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។

២.របៀបវារៈទី២៖ អនុម័តលើឯកសារបោះពុម្ពផ្សាយ ចំនួន ៤មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ រួមមាន៖
-ទម្រង់ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប ។
-សេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥។
-ខិត្តបណ្ណស្តីពីឯកសារសម្រាប់ប្រើប្រាស់​ ក្នុងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
-សឺមីសម្រាប់ដាក់ឯកសារព័ត៌មាន (Press Kits)។

៣.របៀបវារៈទី៣៖ អនុម័តលើឯកសារ រួមមាន៖
-សេចក្តីជូនដំណឹងស្តីពី ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារ-ព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។
-ទម្រង់ពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មាន។
-ទម្រង់ប្រវត្តិរូបសង្ខេបជាភាសាខ្មែរ និងភាសាអង់គ្លេស។
-បណ្ណសម្គាល់ខ្លួនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

៤.របៀបវារៈទី៤៖ អនុម័តលើសេចក្តីព្រាងសៀវភៅណែនាំស្តីពី នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានណែនាំដល់អង្គភាពជំនាញ ត្រូវពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀត​ លើសៀវភៅនោះ មុននឹងធ្វើការបោះពុម្ព។

៥. របៀបវារៈផ្សេងៗ៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីការបញ្ចេញសំឡេង ពាក្យ “ជីវមាត្រ” ថា តើគួរប្រើសំឡេងអានដូចម្តេច?៕

To Top