បាត់ដំបង៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ចម្ការមីនដែលចុះពិនិត្យនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CFR-IV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ប្រទេសអូស្រ្តាលី, សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA និងប្រទេសណូវែលហ្សេឡង់។
ក្នុងការចុះពិនិត្យនេះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សេឡង់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលតែងតែផ្តល់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស និងឈរក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដើម្បីសុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចូលរួមក្នុងការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករជាតិដ៏ឆ្នើម ក្នុងការរំដោះផ្ទៃដីចេញពីការគំរាមកំហែង ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជាង៣០ឆ្នាំមកនេះ។ ជាមួយគ្នានោះ លោក បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ អ្នកបោសសម្អាតមីនដ៏ឆ្នើមរបស់អង្គភាពស៊ីម៉ាក់ ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។
តំណាងម្ចាស់ជំនួយបោសសម្អាតមីន បានថ្លែងបញ្ជាក់ថា ប្រទេសជាមិត្ត និងគ្រប់ដៃគូទាំងអស់ ពេញចិត្តនឹងចូលរួមក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅក្នុងតំបន់សំឡូត ក៏ដូចជាគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន លុបបំបាត់ទុក្ខវេទនា និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្រ្តី បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួចដោយមិនត្រូវទុកដីឱ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឱ្យប្រសើរឡើង នូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។ លោក បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណា ដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន។
ប្រជាពលរដ្ឋជាអ្នកទទួលផល ពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានជួបផ្ទាល់ជាមួយម្ចាស់ជំនួយ ក្នុងការជួយផ្តល់សុខសុវត្ថិភាព លើដីរបស់គាត់ ដែលអាចឱ្យពួកគាត់បង្កបង្កើនផល ដោយគ្មានការភ័យខ្លាច និងមានចំណូលកើនឡើងសម្រាប់គ្រួសារ៕

















