ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សន្និបាតអប់រំ យុវជន និងកីឡាឆ្នាំនេះ បានដំណើរការចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីបូកសរុបវាយតម្លៃការងារ ដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំសិក្សាខាងមុខទៀត។ មុននឹងមានសន្និបាតនៅថ្នាក់ជាតិនេះ ក្រសួងបានណែនាំមន្ទីរ អប់រំ យុវជន និងកីឡារាជធានីខេត្តទាំងអស់ ឱ្យរៀបចំរបាយការណ៍សន្និបាត ដើម្បីប្រមូលធាតុ ចូលពីថ្នាក់ក្រោមជាតិ មកពិភាក្សាដោះស្រាយ ក្នុងសន្និបាតនៅថ្នាក់ជាតិ ដែលមានអ្នកចូលរួម ផ្ទាល់ប្រមាណ ២០០០នាក់ និងមានអ្នកចូលរួមជាច្រើនទៀត តាមប្រព័ន្ធអនឡាញ។

ក្រសួងបានជ្រើសរើសប្រធានបទ, បទបង្ហាញ, និងបទអន្តរាគមន៍ ដែលមានខ្លឹមសារជា យុទ្ធសាស្ត្រ ស្របទៅនឹងវិធានការគន្លឹះទាំង៤ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងគុណភាពអប់រំ និងស្របទៅនឹងការអនុវត្តស្តង់ដាសាលារៀនគំរូ ដែលជាគោលនយោបាយកម្រិតសាលារៀន៕
