ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំសមត្ថកិច្ច បន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដោយផ្ដោតលើការបង្ការ និងទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានថ្លែងថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគច្រើនដោយសារតែកត្តាប្រើប្រាស់ល្បឿនលឿនកម្រិតកំណត់ ដូច្នេះការងារកំណត់ល្បឿនត្រូវតែបន្ដយកចិត្តទុកដាក់បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «សូមឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដពង្រឹងការអនុវត្តច្បាប់ដោយផ្ដោតទៅលើការបង្ការ ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសតាមរយៈទិន្នន័យដែលបានបង្ហាញ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបណ្ដាលឲ្យស្លាប់ គឺអ្នកបើកលើសល្បឿនកំណត់។ ចឹងបញ្ហាល្បឿននេះនៅតែជាបញ្ហាមួយកំពុងក្ដៅគគុក។ បើយើងគោរពច្បាប់ជាពិសេសល្បឿននេះ គ្មានអ្នកណាទៅផាកពិន័យទេ»។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានស្នើឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដរួមគ្នាប្ដេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចាត់វិធានការណ៍ម៉ឺងម៉ាត់ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៥ឲ្យសម្រេចបានជោគជ័យ ជាពិសេសកំណត់យក១៥ភាគរយ ប្រៀបធៀបឆ្នាំ២០២៤។ ក្នុងនោះត្រូវពិនិត្យ និងវាយតម្លៃលើផែនការរបស់ខ្លួនដែលមានស្រាប់ ដើម្បីយកទៅអនុវត្តឲ្យចំទិសដៅ។

យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២ ៨៤៤លើក ដោយថយចុះ១៤% ស្នើនឹង ៤៧៣លើក ប្រសិនប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។ ក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%៕

To Top