ក្រុងម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីរំពឹងថា នឹងមានកិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះ ដើម្បីរារាំងសហរដ្ឋអាមេរិកពីការដាក់ពន្ធ ២៥ ភាគរយលើការនាំចេញរបស់ម៉ិកស៊ិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានឲ្យដឹងថា លោកស្រីគ្រោងនឹងនិយាយជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ ហើយបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃ ការឈានដល់កិច្ចព្រមព្រៀងមួយមុនថ្ងៃទី ៤ ខែមីនា នៅពេលដែលរយៈពេលព្យួរការចរចាជាមួយលោក ត្រាំ ផុតកំណត់។
លោក ត្រាំ បានលើកឡើងកាលពីថ្ងៃច័ន្ទថា ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដានៅតែជាជម្រើសមួយដែល ជាផ្នែកមួយនៃការជំរុញរបស់គាត់សម្រាប់បដិវត្តពាណិជ្ជកម្ម ជាពិសេសជាមួយអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី Sheinbaum បានកត់សម្គាល់ថាម៉ិកស៊ិក មិនមានពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកទេ ហើយការចរចាលើពាណិជ្ជកម្មនិងសន្តិសុខកំពុងបន្ត។ លោកស្រីបានថ្លែងដោយមិនបានផ្តល់ព័ត៌មានលម្អិតថា «ប្រសិនបើពន្ធត្រូវបានដាក់នោះ យើងមានផែនការ B ផែនការ C ផែនការ D ផែនការ E ។
កាលពីខែមុន លោក ត្រាំ បានផ្អាកការគំរាមកំហែងពន្ធគយរយៈពេល ៣០ ថ្ងៃ ដោយទាមទារឱ្យម៉ិកស៊ិក និងកាណាដាចាត់វិធានការកាន់តែខ្លាំង ប្រឆាំងនឹងការជួញដូរសារធាតុ fentanyl និងការធ្វើចំណាកស្រុកខុសច្បាប់។ ជាការឆ្លើយតប ម៉ិកស៊ិកបានដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ១០,០០០ នាក់ទៅកាន់ព្រំដែនភាគខាងជើងរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកបានសន្យាថា នឹងបង្ក្រាបការរត់ពន្ធអាវុធ៕
ប្រែសម្រួល ឈូក បូរ៉ា
