ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ៖ ពលរដ្ឋឌីជីថលល្អ គឺយល់ដឹងច្បាស់ ពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចូលរួមសកម្មប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ មានលក្ខណៈស្រួចស្រាល ក្នុងបរិបទនៃការវិវត្តនៃបច្ចេកវិទ្យា និងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលប្រទេសកម្ពុជា កំពុងសម្របខ្លួនទៅនឹងការវិវត្តដ៏លឿននេះ ស្របពេលឥទ្ធិពលនៃសង្គមឌីជីថល និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបានកើនឡើង។

ថ្លែងប្រាប់សារព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា មានអ្នកប្រើប្រាស់សកម្មលើបណ្តាញទំនាក់ទំនងសង្គម សរុបចំនួនប្រមាណជាង ១២ លាននាក់ គឺស្មើនឹងប្រមាណជា ៦៨ភាគរយ នៃចំនួនប្រជាជនសរុប។ ការណ៍នេះ បានធ្វើឱ្យការសាយភាយព័ត៌មានក្លែងក្លាយ មានសន្ទុះខ្លាំងក្លាឡើង តាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គម។

ឆ្លៀតក្នុងឱកាសនេះ លោក ទេព អស្នារិទ្ធ ក៏បានអំពាវនាវ ឱ្យទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើឥទ្ធិពល ដែលកើតចេញពីទំនោរនៃការប្រើប្រាស់ និងទំនោរចែកចាយព័ត៌មានបែបថ្មីនេះ ដោយលោកមានប្រសាសន៍ថា “ពេលនេះជាពេលវេលាសំខាន់ ជាងពេលណាៗទាំងអស់ ដែលយើងចាំបាច់ណាស់ត្រូវរួមគ្នា ធ្វើសកម្មភាពទប់ទល់នឹងការរីកសាយភាយ នៃព័ត៌មានក្លែងក្លាយ ដោយផ្តោតលើយន្តការសមស្រប និងសហការរិះរកមធ្យោបាយនានា ដើម្បីឆ្លើយតបតាមគ្រប់រូបភាព ក្នុងនោះយុទ្ធនាផ្សព្វផ្សាយនិងអប់រំ ការជំរុញកំណើនផ្នែកអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ សុទ្ធសឹងជាការងារចាំបាច់ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកប្រើប្រាស់ជាពិសេស ចាំបាច់ណាស់ចូលរួម ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ”។

បន្ថែមលើនេះ លោកអ្នកនាំពាក្យ បានសង្កត់ធ្ងន់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សានានា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម។ មិនតែប៉ុណ្ណោះ ព័ត៌មានក្លែងក្លាយអាចបង្កផលវិបាកនានា រហូតបណ្តាលឱ្យមានព្យសនកម្ម ដែលមិនអាចនឹកស្មានដល់ និងបង្កមហន្តរាយ ដល់ប្រយោជន៍សាធារណៈ និងសង្គមជាតិទាំងមូល ។

«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» គឺជាយុទ្ធនាការជាសាធារណៈ ដែលក្រសួងព័ត៌មាននឹងដឹកនាំរៀបចំឡើង ក្នុងគោលបំណងផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីទប់ស្កាត់ការរីកសាយភាយ នូវព័ត៌មានក្លែងក្លាយក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ពលរដ្ឋអ្នកប្រើប្រាស់ចែកចាយព័ត៌មានបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម គឺជាតួអង្គដ៏សំខាន់មួយត្រូវចូលរួម។ យុទ្ធនាការដែលក្រសួងព័ត៌មាន នឹងរៀបចំនៅពេលខាងមុខនេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់រួមចំណែក កាត់បន្ថយឱ្យមកកម្រិតអប្បរមានូវព័ត៌មានក្លែងក្លាយ និងឈានទៅលុបបំបាត់ប្រភេទព័ត៌មានទាំងនេះ ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា ដើម្បីធានាសន្តិសុខព័ត៌មាន គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្ថែមថា “ពលរដ្ឋឌីជីថលល្អ គឺពលរដ្ឋដែល យល់ដឹងបានច្បាស់អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន”។

លោកបានបន្តទៀតថា “ដូច្នេះយើងចាំបាច់ត្រូវចូលរួមទប់ស្កាត់ហានិភ័យ និងគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយទាំងនោះ ទាំងអស់គ្នា ដើម្បីរក្សាបានស្ថិរភាព សេចក្តីសុខ និងនិរន្តរភាពនៃការអភិវឌ្ឍសម្រាប់គ្រួសារនិងសង្គមជាតិយើង”។

គួរឱ្យដឹងថា ការធានានិងគ្រប់គ្រងសន្តិសុខព័ត៌មាន គឺជាបេសកកម្មដ៏ចំបងមួយ របស់ក្រសួងព័ត៌មាន ក្នុងការផ្តល់និងការពារសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ ប្រកបដោយសុវត្ថិភាពនិងគុណភាព ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន ក្នុងឆ្នាំ២០២៤ បានកត់ត្រាព័ត៌មានក្លែងក្លាយ សរុបចំនួន ៣,៦៥១ករណី ដែលចំនួននេះបានកើនឡើង ប្រមាណជិត១៤ភាគរយ បើប្រៀបធៀបនឹងចំនួនព័ត៌មានក្លែងក្លាយ កត់ត្រាទុកក្នុងឆ្នាំ២០២៣ ដែលមានត្រឹមចំនួន ៣,២០៨ករណី៕

To Top