ក្រុងម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា មន្ត្រីសន្តិសុខកំពូលនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងបញ្ចប់កិច្ចព្រមព្រៀងសម្របសម្រួលសន្តិសុខទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់នាងថា “គណៈរដ្ឋមន្ត្រីសន្តិសុខកំពុងចាកចេញនៅថ្ងៃនេះ។ ពួកគេនឹងជួបគ្នានៅថ្ងៃស្អែកនៅទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋមន្ត្រីការបរទេសលោក Marco Rubio”។ លោកស្រីបានបន្ថែមថា គណៈប្រតិភូរួមមានរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសម៉ិកស៊ិក រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីកងទ័ពជើងទឹក រដ្ឋមន្ត្រីការបរទេស និងអគ្គមេធាវី។
កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ខណៈពន្ធ ២៥ ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញម៉ិកស៊ិកត្រូវបានកំណត់ចូលជាធរមាននៅថ្ងៃទី ៤ ខែមីនា លុះត្រាតែមានកិច្ចព្រមព្រៀងថ្មីមួយត្រូវបានសម្រេចជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ចាប់តាំងពីយុទ្ធនាការរបស់លោកមក លោក ត្រាំ បានគំរាមកំហែងពន្ធគយ លុះត្រាតែម៉ិកស៊ិកពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការជួញដូរសារធាតុ fentanyl និងការធ្វើចំណាកស្រុកខុសច្បាប់។
លោក Sheinbaum បានពណ៌នាកិច្ចប្រជុំនេះថាជាផ្នែកនៃកិច្ចពិភាក្សាដែលកំពុងបន្តដើម្បីបង្កើតក្របខ័ណ្ឌសន្តិសុខ “ខណៈពេលដែលគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ”។ ម៉ិកស៊ិក បាននឹងកំពុងជំរុញឱ្យមានការផ្អាកជាអចិន្ត្រៃយ៍នៃពន្ធគយ ខណៈពេលដែលជំរុញឱ្យសហរដ្ឋអាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការជួញដូរអាវុធ ដែលបង្កឱ្យមានឧក្រិដ្ឋកម្មដែលបានរៀបចំ៕
ប្រែសម្រួល ឈូក បូរ៉ា
