វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងដំឡើងពន្ធបន្ថែមរបស់រដ្ឋបាល របស់លោកទ្វេដងលើការនាំចូលពីប្រទេសចិនដល់ ២០ ភាគរយនៅសប្តាហ៍ក្រោយ ដោយចោទប្រកាន់ប្រទេសនេះថា មិនបានធ្វើគ្រប់គ្រាន់ដើម្បីទប់ស្កាត់លំហូរ នៃគ្រឿងញៀនខុសច្បាប់។
លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា ពន្ធ ២៥ ភាគរយដែលបានស្នើឡើងរបស់គាត់លើទំនិញកាណាដា និងម៉ិកស៊ិកចូលសហរដ្ឋអាមេរិក នឹងចូលជាធរមាននៅថ្ងៃអង្គារ តាមការគ្រោងទុកដោយអះអាងថា ថ្នាំដែលផលិតដោយខុសច្បាប់ដូចជា សារធាតុ fentanyl នៅតែហូរចូលប្រទេសពីប្រទេសជិតខាងទ្វីបទាំងពីរ “ក្នុងកម្រិតខ្ពស់ និងមិនអាចទទួលយកបាន” ។
លោកបានឲ្យដឹងនៅក្នុងសារបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា លុះត្រាតែ “ការវាយលុក” នៃការជួញដូរគ្រឿងញៀនឈប់ ឬត្រូវបានកំណត់យ៉ាងធ្ងន់ធ្ងរ ពន្ធដែលបានស្នើឡើងនឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា “តាមការគ្រោងទុក” ។
លោកបានបន្ថែមថា៖ «ប្រទេសចិនក៏នឹងត្រូវបានគិតពន្ធបន្ថែម ១០ ភាគរយនៅថ្ងៃនោះដែរ» នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ជាការឆ្លើយតបទៅនឹងការប្រកាសរបស់លោក ត្រាំ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន បានអះអាងថាទីក្រុងប៉េកាំង បានអនុវត្តវិធានការប្រឆាំងគ្រឿងញៀន ដ៏តឹងតែងបំផុតមួយចំនួនរបស់ពិភពលោក។
លោក Liu Pengyu អ្នកនាំពាក្យរបស់ស្ថានទូតបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ពន្ធឯកតោភាគីដែលដាក់ដោយសហរដ្ឋអាមេរិក នឹងមិនដោះស្រាយបញ្ហាដោយខ្លួនឯងនោះទេ ហើយក៏មិនផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ឬពិភពលោកដែរ” ដោយជំរុញឱ្យសហរដ្ឋអាមេរិក កាត់បន្ថយតម្រូវការគ្រឿងញៀនខុសច្បាប់ និង “ដោះស្រាយបញ្ហាសារធាតុ fentanyl របស់ខ្លួនតាមគោលបំណង និងសមហេតុផល”៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
