មីនស៍៖ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក Mario Nawfal នៅទីក្រុងមីនស៍ ឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសប្រឆាំងជាដាច់ខាតទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំបេឡារុស្សរូបនេះ បានឲ្យដឹងថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបនៅអ៊ុយក្រែនឡើយ។ លោក Lukashenko បានលើកឡើងថា “យ៉ាងហោចណាស់នេះ គឺជាជំហររបស់រុស្ស៊ីនាពេលបច្ចុប្បន្ននេះ ជាពិសេសចាប់តាំងពីការដឹកនាំរបស់សហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ និងបារាំងកំពុងប្រកាន់ជំហរយ៉ាងគឃ្លើននៅពេលនេះ”។
លោក Lukashenko ក៏បានឲ្យដឹងផងដែរថាក្នុងអំឡុងពេលទំនាក់ទំនងចុងក្រោយរបស់គាត់ជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោក សម្រាប់ការចរចា ដើម្បីដោះស្រាយស្ថានភាពនៅអ៊ុយក្រែនរួមទាំងជាមួយភាគីអ៊ុយក្រែនផងដែរ។
ប្រធានាធិបតីបេឡារុស្សរូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់នឹងដោះស្រាយបញ្ហាអ៊ុយក្រែនដោយគ្មានអ៊ុយក្រែននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Lukashenko បានលើកឡើងថា “កិច្ចព្រមព្រៀងនេះប្រហែលជាគួរឱ្យព្រួយបារម្ភ សម្រាប់ប្រទេសរុស្ស៊ី ហើយភាគច្រើនទំនងជាគួរឱ្យព្រួយបារម្ភ” ។ លោកបានបន្ថែមថា នេះអាចជាការគួរឱ្យព្រួយបារម្ភ ប្រសិនបើរុស្ស៊ី មានអារម្មណ៍ថា កិច្ចព្រមព្រៀងទាំងនេះនឹងហួសពីទំនាក់ទំនងសេដ្ឋកិច្ច៕
ប្រែសម្រួល ឈូក បូរ៉ា
