ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានរិះគន់ ចលនាបាតុកម្មដឹកនាំដោយអតីតអ្នកនយោបាយជ្រុលនិយមនៅក្រៅប្រទេស ដែលមានអ្នកចូលរួមតិចបំផុតនៅកូរ៉េខាងត្បូងថា ជាការបង្ហាញយ៉ាងច្បាស់លើការអស់ជំនឿពីសំណាក់បងប្អូនពលករខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ វាបានបង្ហាញពីបរាជ័យផ្នែកនយោបាយ និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស(កូរ៉េខាងត្បូង) គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅប្រទេសទៀតនោះទេ។

លោកបានពន្យល់បន្ថែមថា ការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនេះ ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះមានអ្នកចូលរួមតិចបំផុត ដូច្នេះការប្រមូលផ្តុំគ្នាដើម្បីតវ៉ារឿងអ្វីមួយហើយគ្មានអ្នកចូលរួមសំដែងមតិទេនោះ មានន័យថាសកម្មភាពបាតុកម្មទាមទាររបស់ពួកគេមិនត្រូវបានគាំទ្រដោយពលរដ្ឋនៅបរទេសទៀតនោះទេ ដែលទាំងនេះបញ្ជាក់ថាពលរដ្ឋគ្មានជំនឿលើការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ពលរដ្ឋនៅក្រៅស្រុកទៀតនោះឡើយ។ លោកបានគូសបញ្ជាក់ថា ការធ្វើបាតុកម្មពាក់ព័ន្ធនឹងបញ្ហាកោះគុត និងរឿងដដែលផ្សេងៗទៀត គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេសដែលសុទ្ធសឹងតែជាអតីតសមាជិក និងមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបម្រើដល់ផលប្រយោជន៍រួមនោះទេ ហើយការតវ៉ានេះគឺដើម្បីអ្វី? ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងចរចារ និងដោះស្រាយដោយសន្តិវិធីជាមួយប្រទេសថៃហើយនោះ។

ចំណែក លោក លាង ស៊ុនហ៊ាង អនុប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា ការធ្វើបាតុកម្មដឹកនាំដោយលោកស្រី មូរ សុខហួរ នៅកូរ៉េខាងត្បូងតែគ្មានអ្នកចូលរួមលើប្រធានបទដដែលៗនេះ គឺជាការធ្វើនយោបាយមិនទាន់សម័យ ធ្វើនយោបាយលើវិធីសាស្រ្តច្រំដែល មិនទាន់សភាពការណ៍ ដែលទាំងនេះបង្ហាញពីការបរាជ័យនៃជំនួយនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស និយាយជារួមគឺការធ្វើសកម្មភាពនយោបាយដោយគ្មានន័យ គ្មានជំនឿចិត្តពីពលរដ្ឋនៅបរទេសទៀតនោះទេ។

លោកបានគូសបញ្ជាក់បន្ថែមទៀតថា ការធ្វើនយោបាយរបស់ក្រុមប្រឆាំងនៅក្រៅស្រុកនឹងបន្តបរាជ័យនិងគ្មានជំនឿពីសំណាក់ពលរដ្ឋនោះឡើយ ពីព្រោះពលរដ្ឋនៅបរទេសបានឃើញពីការធ្វើនយោបាយយកគំនិតជាតិនិយមមកដុតរោលរាលលើពលរដ្ឋ ដើម្បីបម្រើផលប្រយោជន៍នយោបាយខុសច្បាប់ដល់ជនមួយក្តាប់តូច ខណៈដែលក្រុមរបស់ពួកគេនេះកាន់តែលិចកន្ទុយចេញក្រៅកាន់តែវែង ដែលទាំងនេះនឹងក្លាយជាទីបញ្ចប់ និងជាការបរាជ័យរបស់ពួកគេលើជំនួយនយោបាយ។
គួរបញ្ជាក់ផងដែរ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះក្រុមជ្រុលនិយមខុសច្បាប់ដឹកនាំដោយ លោកស្រី មូរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស បានដឹកនាំការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងដោយមានអ្នកចូលរួមមិនលើសពី១០០នាក់ផងនោះ ក្នុងគោលបំណងដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាយករឿងករណីកោះគុតទៅប្តឹងទៅតុលាការអន្តរជាតិ ទាំងដែលពួកគេដឹងហើយថាការប្តឹងទៅតុលាការអន្តរជាតិនឹងធ្វើឱ្យកម្ពុជាខាតបង់ផ្នែកនយោបាយ៕
